មនុស្ស​​ជិត​​២០០​​នាក់​​ត្រូវ​បាន​​សម្លាប់​​នៅ​ក្នុង​​ប្រទេស​​ស៊ី​រី​រយៈ​ពេល​​ជាង​​២​​សប្ដាហ៍​

សារព័ត៌មាន​ Cambodia News/

ស៊ី​រី (១៦ មករា ២០១៨) ៖ ក្រុម​ជួយសង្គ្រោះ​ស្ម័គ្រចិត្ត​នៅក្នុង​ប្រទេស​ស៊ី​រី​បាន​និយាយថា មនុស្ស​ជិត​២០០​នាក់​ក្នុងនោះ​មាន​កុមារ​រហូតដល់​ទៅ​៥១​នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​តំបន់​ហ្គូ​តា (Ghouta) ភាគ​ខាងកើត​ក្នុងប្រទេស​ស៊ី​រី រយៈពេល​ត្រឹមតែ​ជាង​២​សប្ដាហ៍​ចុងក្រោយ​នេះ​ប៉ុណ្ណោះ​នៅពេលដែល​រដ្ឋាភិបាល​ស៊ី​រី​បាន​បង្កើន​ការវាយប្រហារ​តាមផ្លូវ​អាកាស​ទៅលើ​តំបន់​នានា​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​។

​តួលេខ​នៃ​អ្នក​បាត់​បង់ជីវិត​នេះ​ត្រូវ​បានប្រកាស​នៅពេលដែល​មានការ​រាយការណ៍​ពី​ការវាយប្រហារ​តាម​ផ្លូវអាកាស​កាន់តែខ្លាំង​ឡើង​របស់​កងកម្លាំង​រដ្ឋា​ភិ​បាល​ស៊ី​រី​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​នា​អំឡុង​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅ​។​

​ដើមឆ្នាំ​២០១៨​នេះ​បាន​ក្លាយជា​ពេលវេលា​មរណៈ និង​ហិនហោច​បំផុត​នៅក្នុង​តំបន់​ហ្គូ​តា (Ghouta) ភាគ​ខាងកើត​ដែល​ស្ថិតនៅ​ជាយ​រដ្ឋធានី​ដា​ម៉ាស់ (Damascus) ក្នុងប្រទេស​ស៊ី​រី​។ តំបន់​នេះ​ជា​ជម្រក​របស់​ក្រុម​ឧទ្ទាម និង​ជា​តំបន់​ដែល​ស្ថិតនៅក្រោម​ការឡោមព័ទ្ធ​របស់​កងកម្លាំង​រដ្ឋា​ភិ​បាល​ស៊ី​រី​តាំងពី​ឆ្នាំ​២០១៣​មក​។​

​រដ្ឋាភិបាល​ស៊ី​រី​ដែល​បានទទួល​ការគាំទ្រ​ពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​ប្រទេស​រុស្ស៊ី​បានចាប់ផ្ដើម​ធ្វើការ​វាយប្រហា​រ​ដើម្បី​ដណ្ដើមយក​ទីក្រុង​នេះ​មកវិញ​កាលពី​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំទៅ​។​

ក្រុម​ជួយសង្គ្រោះ​ស្ម័គ្រ​ចិត្តបាន​និយាយថា ការវាយប្រហារ​កន្លង​មក​មាន​ភាពខ្លាំង​ក្លា​ណាស់​ក្នុងនោះ​មានការ​វាយប្រហារ​តាមផ្លូវ​អាកាស​រាប់រយ​ដង​, ការវាយប្រហារ​ដោយ​មី​ស៊ី​ល និង​ការវាយប្រហារ​ដោយ​គ្រាប់បែក​ចង្កោម​៕

Related Articles

Back to top button
Close
Close