រដ្ឋាភិបាលកម្ពុជារៀបចំរបបសន្តិសុខសង្គមជូនដល់មន្ត្រីសាធារណៈ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ មករា ២០១៨) ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៨ បានរៀបចំកិច្ចប្រជុំ ពិភាក្សាពីការផ្តល់របបសន្តិសុខសង្គមជូនដល់មន្ត្រីរាជ កងកម្លាំងនគរបាល និងមន្ត្រីសាធារណៈផ្សេងទៀត ដើម្បីអោយពួកគេអាចទទួលបានផលប្រយោជន៍នានានៅពេលជួបគ្រោះហានីភ័យណាមួលកើតឡើងជាយថាហេតុ។
ការធ្វើយ៉ាងដូច្នេះ ត្រូវបានគេមើលឃើញថា បន្ទាប់ពីរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្តល់របបសន្តិសុខសង្គមដល់ កម្មករ កម្មការិនី និងអ្នកធាក់ស៊ីក្លូជាដើមនាពេលកន្លងមក។
កិច្ចប្រជុំដែលធ្វើឡើងនៅក្រសួងមហាផ្ទៃនេះ ក៏បានពិភាក្សាលើមាត្រាមួយចំនួនដែលបានចែងក្នុង ព្រះរាជក្រឹត្យលេខ ន.ស.រ.ក.ត០២១៧/ ០៧៨ ស្តីពីបង្កើតរបបសន្តិសុខសង្គមស្តីពីហានីភ័យការងារ សម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំងសុខភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន។
បើតាមការអោយដឹងពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា កងកម្លាំងនគរបាលជាតិនឹងអាចទទួលបានរបបសន្តិសុខសង្គមថែនានាពីរដ្ឋាភិបាលនៅពេលកើតហានីភ័យបន្ទាប់ពីពួកគេចូលបំរើការរហូតដល់ចូលនិវត្តន៍៕