ការសំណេះសំណាលរបស់សម្តេច ហ៊ុន សែន ជាការចង់ដឹងសុខទុក្ខកម្មករ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ មករា ២០១៨) ៖ តាមការថ្លែងប្រាប់ប៊ីធីវី តាមប្រព័ន្ធតេឡេក្រាម ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យរបស់បក្សកាន់អំណាច បានឲ្យដឹងថា ការចុះជួបសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករ កម្មការិនីជាការសួរសុខទុក្ខ ឬ ស្វែងយល់ពីបញ្ហាកម្មករ មិនមែនដូចអ្នកនយោបាយក្រៅស្រុកចាំតែញុះញង់ រហូតបំផ្លិចបំផ្លាញនោះទេ។
ឯកឧត្តម សុខ ឥសាន បានចាត់ទុកថា ការអញ្ជើញរបស់សម្តេចតេជោ ជួបសំណេះសំណាលជាមួយកម្មករ និយោជិត គឺដើម្បីដឹងសុខទុក្ខ ដោះស្រាយបញ្ហាជាកង្វល់ ការលំបាករបស់ផ្សារភ្ជាប់ មនោសញ្ចេតនាជាមួយកម្មករ កម្មការិនី ជាគ្រួសារតែមួយ ។
លើសពីនេះ ឯកឧត្តម បានបញ្ជាក់ថា សកម្មភាពរបស់សម្តេចតេជោ ហ៊ុន សែនមិនមែនទៅញុះញង់កម្មករ កម្មការិនី ឲ្យធ្វើបាតុកម្ម វាយបំផ្លាញរោងចក្រ បិទផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈដូចពួកក្រុមឧទ្ទាមដែលកំពុងគេចនៅក្រៅស្រុកនោះទេ៕