មិទ្ទិញ “ក្រុងមួយទាំងមូល” ប្រឆាំងនឹងការជីករ៉ែលោហធាតុ Nickel
ព្រឹត្តិការណ៍នេះបានកើតឡើងពេញមួយរសៀលថ្ងៃទី៦សីហាម្សិលមិញ នៅក្នុងក្រុងមួយមិនជាធំ គឺក្រុង Novohoper នៃខេត្ត Voronezh ចម្ងាយតែ ៥១៧គ.ម. ខាងត្បូងរដ្ឋធានីម៉ូស្គូ។ តាមតួលេខប៉ូលីសបានចូលរួម គឺមនុស្សប្រមាណ២.៥០០នាក់ ប៉ុន្តែ តាមតួលេខអ្នកស្រុកផ្ទាល់ គឺយ៉ាងហោចណាស់២ដង ច្រើនជាងនេះ ឬបណ្តាជនសឹងទាំង៦.០០០នាក់របស់ក្រុងនេះ។ តើអ្វីដែលគេទាមទារចង់បាន?
ពាក្យស្លោកដែលគេបានជ្រោងលើកឡើងគឺថា៖ “គ្មានជាដាច់ខាតការជីកយករ៉ែលោហ ធាតុ Nickel”,“អាចមានទៅកើត គឺតែ ការប្រែទឹកដីយើង ទៅជាតំបន់ទេសចរណ៍ផ្ទៃក្នុង ប្រទេស និងជាតំបន់ដែលមានបរិស្ថានល្អសម្រាប់វិស័យកសិកម្ម”
ពួកអ្នកចូលរួមក្នុងមិទ្ទិញបានហៅ “គម្រោងខាងជីករ៉ែ Nickel “ នៅស្រុកនោះដែល ជាតំបន់ មាន”ដីខ្មៅ” ថា “អប្រជាប្រិយ ប្រឆាំង នឹងផលប្រយោជន៍បណ្តាជននៅផ្ទាល់ កន្លែង”។ តាមយោបល់គេ ការជីករ៉ែNickel ដែលជាលោហធាតុមានពណ៌ គឺនឹង បំផ្លាញវិស័យកសិកម្ម ហើយនឹងនាំទៅកាន់មហន្តរាយបរិស្ថានតែម្តង។
លេសជាសំអាងរបស់គេ គឺថា “ដីខ្មៅ” ស្រុកគេត្រូវតែទុកសម្រាប់ទទួលកសិផលស្រប នឹង “លទ្ធិនៃកម្មវិធីស្បៀង” អនុម័តដោយរដ្ឋាភិបាលសហព័ន្ធដែលខ្លឹមសារវា គឺធានា ដល់ពលរដ្ឋម្នាក់ៗ ឲ្យមានគ្រឿងបរិភោគមិនគ្រាន់តែគ្រប់គ្រាន់ប៉ុណ្ណោះទេ តែក៏ប្រកប ដោយសុវត្ថិភាពទៅផង។
ពួកអ្នកតវ៉ាដែលសុទ្ធតែជាសមាជិកនៃ”ចលនាខាងការពារទឹកដី Novohoper”របស់ ខ្លួនបានសម្រេចថា ប្រយុទ្ធទល់នឹង“គម្រោងអប្រជាប្រិយ” ដោយអង្គាសហត្ថលេខា តាមរយៈ បណ្តាញសង្គម និងតាមការអំពាវនាវធ្វើទៅកាន់ប្រធានាធិបតី។ គេគ្រោងអង្គាសហត្ថលេខា ឲ្យបាន១សែននាក់និងលិខិតតវ៉ាចំនួនដល់១លានច្បាប់ សម្រាប់ផ្ញើជូនប្រមុខរដ្ឋផ្ទាល់។ក្នុងមិទ្ទិញ ម្សិលមិញ គ្រាន់តែ២ម៉ោងសោះ គេចេះប្រមូលបានលិខិតតវ៉ាបែបនេះដល់ចំនួន៦០០ច្បាប់។
គួរនិយាយថា ទាំងប្រជាពលរដ្ឋនៃទីប្រជុំជន ៤កន្លែង នៅក្បែរក្រុងនេះ ព្រមទាំងពីទីរួមខេត្តVoronezh តែម្តង ក៏បានទៅចូលរួមក្នុងមិទ្ទិញប្រឆាំងម្សិ មិញ ដែរ។ ជាការកត់សម្គាល់ ទីរួមខេត្ត Voronezh តែងល្បីខាងផលិតម៉ាស៊ីនយន្តហោះនៅរុស្ស៊ី។
ទាក់ទងនឹងមិទ្ទិញតវ៉ា គួររំលឹកថា ក្នុងប្រទេសរុស្ស៊ីសម័យថ្មី សេរីភាពខាងរួម ប្រជុំធ្វើមិទ្ទិញ ធ្វើបាតុកម្ម ដើរជាក្បួនដង្ហែ គឺធានាដោយមាត្រាទី៣១ នៃរដ្ឋធម្មនុញ្ញ អនុម័តក្នុងឆ្នាំ១៩៩៣ គឺ២ឆ្នាំក្រោយពីសហភាពសូវៀតរលាយទៅ។ សម័យសូវៀត បាតុកម្មតវ៉ា តែងបានត្រូវបង្ក្រាបគ្មានប្រណីទេ ហើយហាមមិនឲ្យមធ្យោបាយ ឃោសនា មហាជនផ្សព្វផ្សាយសោះឡើយ៕ដោយ កែវ ឆាយា (RFI)