បំផ្ទុះគ្រាប់បែកនៅរដ្ឋធានីកាប៊ុលផ្តាច់ជីវិតមនុស្ស៤០នាក់ និង៣០នាក់របួស
សារព័ត៌មាន Cambodia News/
កាប៊ុល (២៩ ធ្នូ ២០១៧) ៖ ក្រុមភេរវករល្បីលេខ១ លើលោកគឺ ISIS បានចេញមុខអះអាងថា ខ្លួនជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកនៅភាគខាងលិចរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ដែលបណ្តាលឲ្យមនុស្សសរុប៤០នាក់ស្លាប់ និងជាង៣០នាក់រងរបួសធ្ងន់-ស្រាល។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។
អាជ្ញាធរអាហ្វហ្គានីស្ថានបានឲ្យដឹងទៀតថា ចំនួនជនរងគ្រោះដែលបាត់បង់ជីវិតអាចនឹងមានការកើនឡើងបន្ថែមទៀត ខណៈអ្នករងរបួសជាច្រើន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខុសៗគ្នា ហើយពួកគេភាគច្រើន បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។ ការវាយប្រហារនេះបានកើតមានឡើង នៅពេលដែលជនបំផ្ទុះគ្រាប់បែកអត្តឃាត០២នាក់ បានចុចបំផ្ទុះខ្លួនរបស់ពួកគេ នៅឯទីតាំងមួយកន្លែង ដែលជាមជ្ឈមណ្ឌលវប្បធម៌ និងសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត Tebyan រួមនិងការិយាល័យសារព័ត៌មានអាហ្វហ្គានីស្ថានតាំងនៅ។
បើតាមប្រភពពីមន្ត្រីសន្តិសុខអាហ្វហ្គនីស្ថាន «ការជួបជុំគ្នាមួយ កំពុងតែប្រព្រឹត្តទៅនៅឯទីតាំងខាងលើ នៅមុនពេលដែលហេតុការណ៍បំផ្ទុះគ្រាប់បែកកើតឡើង ហើយជនដៃដល់ទាំង ០២នាក់ ក៏បានបាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុផងដែរ»៕