សីហនុ និង Nixon vs ហ៊ុន សែន និង Trump
អត្ថបទស្មេរ
ដោយ ឆាយ សុផល
នៅពេលដែលសម្តេចព្រះ នរោត្តម សីហនុ មិនសូវស្តាប់គោលនយោបាយរបស់អាម៉េរិកចាប់ពីចុងទសវត្សរ៍១៩៦០មក រដ្ឋការអាម៉េរិករបស់លោកប្រធានាធិបតី Richard Nixon បានរៀបចំគម្រោងទម្លាក់ព្រះអង្គចេញពីព្រះប្រមុខរដ្ឋ តាមរយៈរដ្ឋប្រហារនៅថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ បន្ទាប់មក សម្តេចព្រះ នរោត្តម សីហនុ មានតែមហាមិត្តចិន និងសម្ព័ន្ធមិត្តដ៏តិចតួចផ្សេងទៀត ដូចជាសហភាពសូវៀត កូរ៉េខាងជើង និងវៀតណាមជាដើម។
ចាប់តាំងពីឆ្នាំ២០០០មក សម្តេចតេជោ ហ៊ុន សែន ក៏មិនសូវស្តាប់គោលនយោបាយរបស់អាម៉េរិកដូចសម្តេចព្រះ នរោត្តម សីហនុ ដែរ ដែលប្រការនេះ រដ្ឋការអាម៉េរិកបានច្បាមចាប់យកគណៈបក្សប្រឆាំង ដើម្បីព្យាមវាយផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈសន្លឹកឆ្នោត ប៉ុន្តែទាំងសន្លឹកឆ្នោត និងតាមរយៈបាតុកម្មដែលគេហៅថា People Power នោះ នៅតែមិនអាចផ្តួលសម្តេចតេជោ ហ៊ុន សែន បាន។ ដោយដឹងជើងការមុនពីល្បិចកលរបស់សត្រូវ សម្តេចតេជោ ហ៊ុន សែន បានបំបាក់គូបដិបក្ខចោលមិនឲ្យសៅហ្មង ដោយលោកបញ្ជាក់ថា សុខចិត្តឈឺចាប់រយៈពេលខ្លីជាជាងរយៈពេលយូរ។ បន្ទាប់ពីបាត់ឈ្មោះគណបក្សសង្រ្គោះជាតិចេញពីបញ្ជីបោះឆ្នោតនៅចុងឆ្នាំ២០១៧ ហើយមេដឹកនាំគណបក្សនេះ ខ្លះជាប់ឃុំ ខ្លះរត់ចោលស្រុក និងខ្លះត្រូវបានគេហាមមិនឲ្យធ្វើនយោបាយមួយរយៈ ក៏ស្រាប់តែមន្រ្តីខ្លះនៅក្នុងរដ្ឋការអាម៉េរិករបស់លោកប្រធានាធិបតី Donald Trump ព្រមទាំងសម្ព័ន្ធមិត្តនៅអឺរ៉ុបបានបំផុសឲ្យមានការដាក់ទណ្ឌកម្មដល់កម្ពុជា ដោយពួកគេសំអាងថា ប្រជាធិបតេយ្យនៅប្រទេសនេះកំពុងដេកនៅមន្ទីរពេទ្យក្នុងបន្ទប់សង្រ្គោះបន្ទាន់ ហើយទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាឆាប់រូតរះព្យាបាលឲ្យជាវិញឡើងវិញ។ យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន មិនអាចចេះតែស្តាប់បញ្ជារបស់អាម៉េរិកនោះទេ ដោយលោកសំអាង អត់គណបក្សមួយក៏នៅមានគណបក្សជាច្រើនទៀតដែលនឹងត្រៀមបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
សូមចាំថា កម្ពុជានាសម័យកាលនេះគឺជាសមាជិកនៃសហគមន៍អាស៊ាន មិនមែនកម្ពុជានៅឆ្នាំ១៩៧០ ដែលជាសត្រូវរបស់សមាគមអាស៊ាននោះទេ ហើយលោកប្រធានាធិបតី Donald Trump ក៏មិនដូចគ្នានឹងលោកប្រធានាធិបតី Richard Nixon ដែរ៕