សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗចំពោះ ការញុះញង់របស់លោក សម រង្ស៊ី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៦ ធ្នូ ២០១៧) ៖ ក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ ប្រមាណជាង១ម៉ឺន៥ពាន់នាក់នៅតំបន់អូដឹមស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែធ្នូនេះសម្តេចតេជោ ហ៊ុន សែន បានបង្ហាញប្រតិកម្មខ្លាំងៗចំពោះ ការញុះញង់របស់លោក សម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលតែងតែអំពាវនាវឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាល។
តាមរយៈហ្វេសប៊ុក សម្តេចប្រមុខរាជរដ្ឋាភិបាលបានសរសេរនៅព្រឹកនេះថា«កូនក្មួយដឹងទេ ក្នុងពេលដែលពូចុះមកសួរសុទុក្ខ និងស្វែងយល់អំពីស្ថាន ភាពការងាររបស់ក្មួយៗ ដើម្បីពូមានឱកាសបានជួយដោះស្រាយបញ្ហាប្រឈមនានារួមទាំងការតម្លើងប្រាក់ខែ ការថែទាំសុខភាព ប្រាក់ ចូលរឺត្រែតនិងប្រាក់ឧបត្ថម្ភគាំពារសុខភាពជាដើម…។ល។
កូនក្មួយដឹងទេ គឺមានក្រមជនក្បត់ជាតិនៅក្រៅប្រទេស បានអំពាវនាវអោយកងទ័ពជាតិយើងបះបោរ។ តើមានអ្វីកើតឡើង បើកងទ័ពយើងបះបោរ មែន? គឺមានតែសង្គ្រាមកើតឡើង…គឺនឹងគ្មានរោងចក្រហើយក្មួយៗក៏អត់មានការងារធ្វើដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ក្មួយៗព្រមទាំងក្រុមគ្រួសារ ឪពុក ម្តាយ និងបងប្អូនរាប់លាននាក់មិនខាន។ ជនក្បត់ជាតិទាំងនោះស្គាល់កម្ពុជាតិចពេកហើយ ស្គាល់កងទ័ព ជាតិយើងតិចពេកហើយ។ កងទ័ពជាតិយើង មិនលង់ចាញ់ល្បិចកលដោយការញុះញុងពីជនក្បត់ជាតិ ទាំងនោះឡើយ។ ជនដែលញុះញុងអោយកងទ័ពមិនគោរពបទបញ្ជាគឺជា បទល្មើសដែលនឹងទទួលទោសទៅតាមច្បាប់ប្រទេសជាធរមាន។
ពូសូមបញ្ជាក់ជូនក្មួយៗក៏ដូចជាបងប្អូនជនរួមជាតិទូទាំងប្រទេសថា នៅពេលមានវត្តមានពូដឹកនាំប្រទេសគឺកុំបារម្ភពីសង្គ្រាមកើតឡើងអោយសោះ។ ពូ (ហ៊ុន សែន) រួមជាមួយថ្នាក់ដឹកនាំ គណបក្សប្រជាជន ជា ច្រើនទៀតគឺប្តេជ្ញាការពារថែរក្សាសន្តិភាពសម្រាប់ប្រទេសជាតិយើងទាំងមូល»៕