ចិន​អះអាងថា​ នឹង​ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ​សម្រាប់​កម្ពុជា​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០១ ធ្នូ ២០១៧) ៖ ​​នៅក្នុង​ពិធី​សាយ​ភោជន៍​ជាម​ហា​កិត្តិយស ជូន​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​រាត្រី​ថ្ងៃទី​២៩ វិច្ឆិកា ​ឯកឧត្តម ​សុង ថាវ រដ្ឋ​មន្ត្រីក្រសួង ​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិ​កា​រ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ មានប្រសាសន៍​ថា ថ្នាក់ដឹក​នាំ​កំពូលៗ ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​ធ្វើជា​ខ្នងបង្អែក​ដ៏​រឹងមាំ​សម្រាប់កម្ពុជា និង​​សម្តេច​តេ​ជោ ​​ក្នុង​ការ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​ សម្រាប់​រយៈពេល ​យូរ​អង្វែង​ត​ទៅ​មុខទៀត​។

​​ជា​ថ្ងៃទី​១ នៃ ការ​ស្នាក់អាស្រ័យ​ អញ្ជើញ​ចូលរួម​កិច្ច​សន្ទនា​ថ្នាក់ខ្ពស់ ​រវាង​គណបក្ស​កុម្មុយនិស្ត​ចិន ​ជាមួយ​ និង​គណបក្ស​នយោបាយ នានា លើ​ពិភពលោក នៅ​រដ្ឋធានី​ប៉េកាំង ឯកឧត្តម ​សុង ថាវ​ មានប្រសាសន៍​ដែរ​ថា ថ្នាក់ដឹកនាំ​បក្ស រដ្ឋ និង​ប្រជាជន ចិន សូម​ចាត់​ទុក​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន គឺជា​មិត្ត​ដ៏​ល្អ​ មិត្ត​គួរ​ជាទី​ទុក​បំផុត ​សម្រាប់​ថ្នាក់ដឹកនាំ​បក្ស រដ្ឋ និង​ប្រជាជន​ចិន​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ក្រោម​ការដឹកនាំ​របស់​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ ​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី ក្នុងការ​ពង្រឹង​សន្តិភាព សន្តិសុខ ស្ថេរភាព​នយោបាយ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ​ដែល​នោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រៀប​ឈ្នះ ក្នុងនាម​ជា​មេដឹកនាំ​កំពូល​មួយរូប ​ដែល​មាន​បញ្ញាញាណ​ឈ្លាសវៃ​ និង​ប៉ិនប្រសព្វ​បំផុត​។

ជាមួយនិង​ការ​ថ្លែង​នោះដែរ ​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​បាន​ថ្លែង​នូវ​អំណរគុណ ជូន​ចំពោះ​បក្ស រដ្ឋ និង​ប្រជាជន​ចិន ដែល​តែងតែ​គាំទ្រ​ផ្តល់នូវ​ការ​ជួយ​ឧបត្ថម្ភ​គ្រប់បែបយ៉ាង​ ក្នុង​ការជួយ​ដល់​ដំណើរ ការស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ​។ សម្តេច​តេ​ជោ​ ក៏បាន​ចាត់ទុកថា ​ការគាំទ្រ​របស់​ប្រទេស​ចិន គឺ​ពិតជា មាន​អត្ថន័យ​មិន​ត្រឹមតែ​បានរួម​ចំណែក​ជួយ​ដល់​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ គឺ​បាន​រួម​ចំណែក​ផង​ដែរ ​ដល់​ការ​ពង្រឹង​ឯករាជ្យភាព ​និង​ការ​ខ្ពង់​មុខ ខ្ពង់​មាត់​របស់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ផងដែរ​៕

1

2

 

Related Articles

Back to top button
Close
Close