រថយន្តជាង៣០គ្រឿងបុកបន្តគ្នានៅភាគខាងកើតប្រទេសចិនស្លាប់១៨នាក់
សារព័ត៌មាន Cambodia News/
ចិន (១៦ វិច្ឆិកា ២០១៧) ៖ មនុស្សយ៉ាងតិច១៨នាក់បានស្លាប់បាត់បង់ជិវិត និង២១នាក់ទៀតបានរងរបួសនៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយកើយឡើងដោយសារយានយន្តជាង៣០គ្រឿងបានបុកតគ្នា ព្រោះតែ ចុះអ័ព្ទនៅលើផ្លូវអ៊ិចប្រេស វេយ៍ (expressway) មួយខ្សែស្ថិតក្នុងខេត្តអានហួយ (Anhui) ភាគខាងកើតប្រទេសចិនកាលពីម្សិលមិញ។
អាជ្ញាធរក្នុងតំបន់បាននិយាយថា ភ្លើងបានចាប់ផ្តើមឆាបឆេះនៅពេលដែលយានយន្តមួយគ្រឿងបានបើកទៅបុកធុងប្រេងរបស់រថយន្តក្រុង ហើយបណ្តាលឲ្យឆាបឆេះយានជំនិះជាច្រើនទៀត។ ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់មួយគ្រឿងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីក្រុមអ្នកពន្លត់អគ្គិភ័យបានយកមនុស្ស១៧នាក់ចេញពីគំនររថយន្តដែលបានឆាបឆេះ។
អាជ្ញាធរបញ្ជាក់ថា តាមការស៊ើបអង្កេតបឋមបានបង្ហាញថា យានជំនិះយ៉ាងតិច៧០គ្រឿងត្រូវបានរងការខូចខាត ដោយក្នុងរថយន្តដឹកទំនិញធំៗត្រូវបានខូចខាតខ្លាំងជាងគេ។
ដោយឡែកបើតាមមន្ទីរពេទ្យក្នុងតំបន់បាននិយាយថា ជនរងគ្រោះភាគច្រើនបានរងរបួសឆ្អឹង និងខួរក្បាល នៅពេលដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ជាមួយគ្នានោះនាយកដ្ឋានអាកាសធាតុក្នុងតំបន់បាននិយាយថា ការចុះអ័ព្ទនឹងប្រហែលជាបន្តកើតមានឡើង ហើយក៏បានដាស់តឿនអ្នកបើកបរទាំងអស់ឲ្យប្រុងប្រយ័ត្នផងដែរ៕