ចិនសន្យាជួយដោះមីននិងគ្រាប់ដែលអាមេរិកទំលាក់នៅកម្ពុជាឲ្យអស់ បើអាមេរិកផ្ដាច់ជំនួយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ វិច្ឆិកា ២០១៧) ៖ ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣១និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីការជំរុញការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា នាយករដ្ឋមន្ត្រីចិន គឺលោក លី កឺឈៀង បានសន្យាថានឹងជួយដោះមីនឲ្យអស់នៅកម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសផ្ដាច់ជំនួយមកកាន់កម្ពុជាលើការងារកម្ចាត់មីន។
ភាគីមិត្តចិនបានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថា ការដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាសកម្មភាពអទិភាពដ៏សំខាន់មួយរបស់រដ្ឋាភិបាលចិនក្នុងការជួយប្រទេសនានា ដែលកំពុង ជួបប្រទះនូវបញ្ហានេះ។
យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់សម្តេចតេជោ បានឲ្យដឹងថា “មិត្តចិន សន្យាបានថានឹងជួយឱឲ្យអស់លទ្ធភាព ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានឆាប់រហ័ស និងស្នើឲ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរធ្វើការពិភាក្សាលើទិដ្ឋភាពជាក់ស្តែង ហើយដាក់ជូនថ្នាក់ដឹកនាំទាំងពីរពិនិត្យនិងសម្រេចឲ្យបានមុនពេលទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីចិន នៅកម្ពុជានាពេលខាងមុខនេះ”៕