សម្តេចតេជោ បង្កើតមូលនិធិសមធម៌សម្រាប់ប្រជាពលរដ្ឋរងគ្រោះដោយគ្រាប់បែកគីមី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ តុលា ២០១៧) ៖ នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនៅថ្ងៃទី ១៨ ខែតុលានេះថា រាជរដ្ឋាភិបាលបានសម្រេចបង្កើតមូលនិធិសមធម៌ ដើម្បីព្យាបាលប្រជាពលរដ្ឋនៅតំបន់ដែលត្រូវបានរកឃើញថា មានគ្រាប់បែកគីមី ទម្លាក់ដោយសហរដ្ឋអាមេរិកអំឡុងទស្សវត្សឆ្នាំ ១៩៧០ ។
សម្តេចតេជោបានបញ្ជាក់ថា កម្មវិធីសមធម៌នេះបង្កើតឡើង តាមសំណូមពររបស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង ដែលថ្មីៗនេះបានចុះទៅខេត្តស្វាយរៀង ទីកន្លែងដែលគ្រាប់បែកគីមីទម្លាក់ដោយអាមេរិកត្រូវបានរកឃើញជាបន្តបន្ទាប់ មិនមែនតែឃុំមួយនោះទេ ។
សម្តេចនាយរដ្ឋមន្ត្រីបានបន្តថា ប្រជាពលរដ្ឋដែលរស់នៅជាមួយអាវុធគីមីនោះ គឺមានកូនកើតមកខ្លះក្បាលធំ ខ្លះភ្នែកលៀន ហើយសាមីខ្លួនមានរមាស់ដូចកើតឃ្លង់ផងដែរ។ សម្តេចក៏ចោទជាសំនួរជាថ្មីថា តើសហរដ្ឋអាមេរិកមានដែលគិតពីសិទ្ធិមនុស្សទេ? ពេលដែលពួកគេកេះកៃកាំភ្លើងទម្លាក់គ្រាប់បែករាប់តោនក្នុងទឹកដីប្រទេសកម្ពុជានោះ។
សម្តេចតេជោបានបញ្ជាក់៖ រាជរដ្ឋាភិបាល បង្កើតតំបន់ព្យាបាលដាក់ប្រជាពលរដ្ឋតំបន់នោះចូលក្នុងសេវាកម្មវិធីសមធម៌ សម្រាប់ព្យាបាលឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ ៕