សម្តេច​តេ​ជោ ប្រកាស​ឈប់​ឲ្យ​​យក​ថ្លៃ​សំបុត្រ​ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​»

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ តុលា ២០១៧) ៖ ​ សម្តេច​អគ្គ​មហា​សេនា​បតីតេ​​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានប្រកាស​ជា​ផ្លូវការ​ថា ក្រុមហ៊ុន សុខាអូតែល​ បាន​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​យក​ថ្លៃ ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» និង​រមណីយដ្ឋាន​បូកគោ ​ដែល​នឹង​ចូល​ជា​ធរមាន ​ចាប់ពី​វេលា​ម៉ោង ០០៖០០​នាទី ថ្ងៃទី​១៥ ​ខែតុលា ឆ្នាំ​២០១៧ តទៅ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​តាមរយៈ Facebook ផ្លូវការ​របស់​សម្តេចនា​រសៀល​ថ្ងៃទី​០៩ ខែតុលា ​​ថា​៖ «​ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាម​រាជរដ្ឋាភិបាល មាន​សេចក្តី​រីករាយ សូម​ជម្រាប​ជូន​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាបថា ក្រុមហ៊ុន សុខា អូ​តែ​ល បាន​ស្ម័គ្រចិត្ត​ឈប់​លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» និង​រមណីយដ្ឋាន ​បូកគោ ​ដែល​នឹង​ចូល​ជា​ធរមាន ​ចាប់ពី​វេលា​ម៉ោង ០០:០០​នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ តទៅ​។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់​សំបុត្រ​យក​ថ្លៃ​ចូល​ឧទ្យាន​ជាតិ​នេះ នឹង​ជួយ​សម្រួល​ដល់​បងប្អូន​ជនរួមជាតិ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ទាំងអស់​បាន​ឡើងទៅ​ទស្សនា​កម្សាន្ដ​នៅលើ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ ជាពិសេស​បាន​ទស្សនា​ទេសភាព​ដ៏​ស្រស់​ត្រកាល​និង​សែន​មនោ​រម្យ និង​ស្វែងយល់​អំពី​ប្រភេទ​សត្វ ​និង​រុក្ខជាតិ​ដ៏​មានតម្លៃ ​ដែល​មាន​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​។ បងប្អូន​ជនរួមជាតិ​ នឹង​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ឡើងទៅ​កាន់​តំបន់​រមណីយដ្ឋាន​បូកគោ ​ដើម្បី​ស្វែងយល់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​វប្បធម៌ និង​សាសនា​ ក៏ដូចជា​ការ​គោរព​ប្រតិបត្តិ​ពិធី​ប្រពៃណី​សាសនា​នៅលើ​តំបន់​ប្រវត្តិសាស្ដ្រ​នេះ​។

លើសពីនេះទៅទៀត ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ​សង្ឃឹមថា ដំណោះស្រាយ​នេះ ក៏​នឹង​ជួយ​ជំរុញ​ឱ្យ​សកម្មភាព​ទេសចរ​ នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ​ក៏ដូចជា​នៅ​របៀង​ទេសចរ​ភាគ​ខាងត្បូង ជាពិសេស​តំបន់ឆ្នេរ ​មានការ​កើនឡើង​បន្ថែមទៀត ​សំដៅ​រួមចំណែក​ដល់​សេដ្ឋកិច្ច​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ក្នុង​មូលដ្ឋាន​»​៕

1

2

 

Related Articles

Back to top button
Close
Close