កម្ពុជានឹងមានរថភ្លើងរត់ពីភ្នំពេញទៅបាងកក ក្នុង ឆ្នាំ ២០២០
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ តុលា ២០១៧) ៖ អ្នកនាំពាក្យ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជានឹងមានផ្លូវរថភ្លើងរត់ត្រង់ពីទីក្រុងភ្នំពេញ ទៅទីក្រុងបាងកក នៅឆ្នំា ២០២០ ខាងមុខនេះ។
លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ប្រទេសកម្ពុជាកំពុងពន្លឿនការជួសជុលផ្លូវដែកដែលបានខូចខាតពីស្រុកមង្គលបុរី តភ្ជាប់មកខេត្តពោធិ៍សាត់ និងមកភ្នំពេញ និង កំពុងជួសជុលស្ថានីយមួយកន្លែងនៅក្នុងក្រុងប៉ោយប៉ែតដើម្បីឱ្យសម្រេចតាមផែនការរបស់ខ្លួនមានរត់ភ្លើងរត់ត្រង់ពីភ្នំពេញទៅទីក្រុងបាងកក។
លោកបានថ្លែងបន្តថា ផ្លូវរថភ្លើងបានតភ្ជាប់រួចហើយពីក្រុងប៉ោយប៉ែតប្រទេសកម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ តែដោយសារប្រទេសកម្ពុជាពុំមានថវិការគ្រប់គ្រាន់ក្នុងការជូសជុល ទើបធ្វើឱ្យមានការយឺតយ៉ាវ ព្រោះប្រទេសកម្ពុជាប្រើប្រាស់ថវិការជាតិទំាងមូលក្នុងការជួសជូល។
លោកបានបន្ថែមថា ក្រសួងសេដ្ឋកិច្ចបានទំលាក់លុយប្រមាណជា ២០ លានដុល្លារ ហើយគម្រោងជួសជុលនេះ ត្រូវចំណាយប្រមាណជា ៣០ លានដុល្លារទើបសម្រេចជាស្ថាពរ៕