ពលរដ្ឋ៤៨នាក់ សង្ស័យពុលនំបុ័ងដាក់សាច់ ដឹកមកសង្គ្រោះនៅមន្ទីរពេទ្យហូរហែ
សារព័ត៌មាន Cambodia News/
កំពង់ចាម (០២ កញ្ញា ២០១៧) ៖ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចំនួន៤០នាក់ រស់នៅភូមិឫស្សីស្រុក ឃុំឫស្រីស្រុកស្រុកស្រីសន្ធរ សង្ស័យពុលនំបុ័ងដាក់សាច់ ដែលបង្កឲ្យមានអាការៈក្អួតចង្អោរ រាគរូស ចុកពោះ និងវិលមុខជាដើម ។ ហេតុការណ៍នោះបានកើតឡើងនៅថ្ងៃទី២៩ ខែកញ្ញា មកដល់ព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ អ្នករងគ្រោះត្រូវបានគេដឹកមកសង្គ្រោះនៅមន្ទីរបង្អែកស្រុក និងមន្ទីរពេទ្យខេត្ត ខ្លះទៀតនៅសង្គ្រោះរាជធាធីភ្នំពេញជាដើម ។
រហូតមកដល់ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នេះ អ្នកដែលពុលមានចំនួន៤៨នាក់ ក្នុងនោះស្រី២២នាក់ ប៉ុន្តែរហូតមកដល់ម៉ោង០៨និង៤០នាក់នេះ មនុស្ស៩នាក់បានធូរស្បើយត្រលប់ទៅវិញ ។ ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តនោះ នឹងចាត់ឲ្យកម្លាំងចុះទៅធ្វើការស្រាវជ្រាវបន្តនៅផ្ទះលក់នំបុ័ងដាក់សាច់នោះ ដើម្បីរកមូលហេតុច្បាស់លាស់ ។
លោកវរសេនីយ៍ត្រី ទ្រី ប៊ុនធឿន អធិការរងនគរបាលស្រុកស្រីសន្ធរ ប្រាប់ឲ្យដឹងថា មានអ្នកលក់នំបុ័ងដាក់សាច់ ឈ្មោះ ស៊ាម វុត្ថា និងប្រពន្ធឈ្មោះ ណេង នៅភូមិឫស្សីស្រុក ដែលមានរបរលក់ដូរនេះ ដែលតែងតែដាក់លក់នំបុ័ងដាក់សាច់ នៅត្រង់ចំណុចមុខផ្ទះរបស់ខ្លួន ហើយអ្នកភូមិ និងអ្នកដំណើរឆ្ងាយៗ នៅពេលដែលធ្វើដំណើរឆ្លងកាត់ គឺបានទិញហូបជារឿយៗ និងមិនដែលមានហេតុការណ៍ណាមួយកើតឡើងចំពោះពលរដ្ឋនោះទេ ។
ទើបតែមកដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្រាប់តែពលរដ្ឋនាំគ្នាទិញមកទទួលទាននោះ ក៏មានអាការៈក្អួតចង្អោរ រាគរូស និងខ្លះទៀតវិលមុខជាដើម ។ បន្ទាប់មក ក៏មានការរាគរូស ចុកពោះ វិលមុខ នាំគ្នាមកទិញថ្នាំពេទ្យលេប តែមិនបានធូរស្រាលនោះទេ ដោយអ្នកមកទិញថ្នាំបានជួបគ្នា ដែលលេចរោគសញ្ញាប្រហាក់ប្រហែលគ្នា និងបានលាន់មាត់ថា មកពីហូបនំបុ័ងដាក់សាច់ ហើយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ នូវតែបន្តនាំគ្នាមកទិញថ្នាំពេទ្យលេប ។ ពេលមិនស្រួល ទើបអ្នករងគ្រោះទាំងនេះ ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងមន្ទីរពេទ្យខេត្ត ហើយក៏មានអ្នកខ្លះត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅរាជធានីភ្នំពេញ ៕