សមាគមរោងចក្រកាត់ដេរកម្ពុជា ៖ ការយកចិត្តទុកដាក់របស់សម្ដេចតេជោ ជារឿងដ៏ល្អសម្រាប់កម្មករ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ កញ្ញា ២០១៧) ៖ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ សមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ GMAC ចេញផ្សាយនៅថ្ងៃ ០៦ កញ្ញា ម្សិលមិញ បានចាត់ទុកការយកចិត្តទុក ដាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខរបស់កម្មការិនី គឺជារឿងដ៏ល្អមួយ។
ប្រភពដដែលបញ្ជាក់បន្ថែមថា អ្វីដែលជារឿងដ៏ល្អដែរនោះ នោះគឺរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ថវិកាឧបត្ថមចំពោះកម្មការិនី ដែលសម្រាលកូន ដោយក្នុងមួយឆ្នាំៗរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជា ១០ លានដុល្លារអាមេរិក។
ការសម្រេចឧបត្ថម្ភនេះ ត្រូវបានធ្វើឡើងនៅក្នុងពេលដែលសម្ដេចតេជោអញ្ជើញចុះសាក សួរសុខទុក្ខកម្មករជាងមួយម៉ឺននាក់ នៅសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ នាព្រឹកថ្ងៃ ០៦ កញ្ញា។
ក្នុងការអញ្ជើញសាកសួរសុខទុក្ខ និង សំណេះសំណាលនេះ សម្ដេចតេជោបានប្រកាសពី ការឧបត្ថម្ភរបស់រដ្ឋាភិបាលចំពោះកម្មការិនីទាំងក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធដែលសម្រាលកូន នឹងត្រូវទទួលបានការឧបត្ថម្ភចំនួន ៤០ ម៉ឺនរៀល ចំពោះកម្មការិនីសម្រាលបានកូនម្នាក់, ៨០ ម៉ឺនរៀល ចំពោះកម្មការិនីសម្រាលបានកូនភ្លោះពីរនាក់ និង ១លាន២សែនរៀល។
ចំពោះកម្មការិនីដែលសម្រាលបានកូនភ្លោះបីនាក់ ព្រមទាំងមានថវិកាឧបត្ថម្ភបន្ថែមពីសម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថែមទៀត គម្រោងឧបត្ថម្ភចំពោះកម្មការិនីដែលត្រូវសម្រាលកូននេះ នឹងចាប់អនុវត្តពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ តទៅ៕