ឃាត់ខ្លួនអ្នកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន តាមFacebook
សារព័ត៌មាន Cambodia News/
បន្ទាយមានជ័យ (២៨ សីហា ២០១៧) ៖ ស្ត្រីជាបុគ្គលិក កាស៊ីណូមួយកន្លែង អាយុ ៣១ ឆ្នាំម្នាក់ត្រូវបាននគរបាលចាប់ខ្លួន នៅថ្ងៃទី២៨ ខែសីហា នេះ ពាក់ព័ន្ធនឹងការប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា ជាជនក្បត់ជាតិនិងលក់ទឹកដី។
ស្ត្រីដែលត្រូវឃាត់ខ្លួន មានឈ្មោះ ម៉ៅ លីនដា អាយុ៣១ឆ្នាំ ជាបុគ្គលិកកាស៊ីណូមួយ ជិតវត្តបាលិលេយ្យស្ថិតភូមិក្បាលស្ពាន១និងមានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត។
ចាប់ខ្លួនស្ត្រីខាងលើ ក្រោយពីបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះប្រសាសន៍សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថ្លែងថា៖ «គ្មាននរណាស្រឡាញ់ខ្មែរ ជាងខ្មែរគ្នាឯងនោះទេ តើអាមេរិកមានគិតពីសិទ្ធិរបស់ពលរដ្ឋកម្ពុជា ពេលពួកគេនាំគ្រាប់បែកមកទម្លាក់នាទសវត្សរ៍ឆ្នាំ៧០ ទេ»។
ក្រោយពីឃើញការបង្ហោះនេះឈ្មោះ Linda GiGi បានបញ្ចេញមតិថា៖«ប្រទេសកម្ពុជាមិនទទួលយកអាត្រកូល ហ៊ុន សែន ឯង យកដីសម្តេចតាលក់ទេ អាក្បត់ជាតិ»។
ជនល្មើស ត្រូវបាននគរបាលជំនាញក្រុងប៉ោយប៉ែត និងនគរបាលមកពីស្នងការដ្ឋាន នគរបាលខេត្ត ឃាត់ខ្លួន នៅក្នុងកាស៊ីណូខាងលើ ខណៈនាងកំពុងធ្វើការនៅទីនោះ។ សមត្ថកិច្ចបានប្រាប់ថា ស្ត្រីខាងលើ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីជេរប្រមាថ សម្តេចតេជោ ហ៊ុន សែន នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook កាលពីពេលកន្លងមកថ្មីៗនេះ ៕