បុគ្គលិក​ខេ​ម​បូ​ឌា ដេលី ដង្ហោយ​រក​អ្នក​ជួយសង្គ្រោះ​​​បន្ទាប់

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ​ (២៤ សីហា ២០១៧) ៖ កាលពី​ថ្ងៃទី ២៣ ខែសីហា បុគ្គលិក​ខ្មែរ​និង​បរទេស របស់​កាសែត ខេ​ម​បូ​ឌា ដេលី (The Cambodia Daily) បាន​ដង្ហោយហៅ​អ្នកគាំទ្រ​កាសែត​មួយ​នេះ ឲ្យ​ជួយសង្គ្រោះ​បន្ទាប់ពី​អគ្គនាយកដ្ឋាន​ពន្ធដា​ដាក់​ឱសានវាទ​ឲ្យ​បង់ពន្ធ​ចំនួន ៦,៣ លាន​ដុល្លារ ឲ្យ​បាន​មុន​ថ្ងៃទី ៤ ខែកញ្ញា​។​

ក្រោម​ពាក្យ​អំពាវនាវ​«SAVE THE DAILY CAMBODIA» ដែល​បុគ្គលិក​កាសែត ខេ​ម​បូ​ឌា ដេលី ទាំង​ជនជាតិខ្មែរ​និង​​បរទេស កាន់​នៅ​នឹង​ដៃ​គ្រប់ៗ​គ្នា គឺជា​សារ​ទៅកាន់​អ្នកគាំទ្រ ដើម្បី​ឲ្យ​ជួយសង្គ្រោះ​កាសែត​ដ៏​មាន​វ័យ​ចំណាស់​និង​ចេញផ្សាយ​ជា​ភាសា​​អង់គ្លេស​ដំបូង​គេ​នៅ​កម្ពុជា​។ សារ​ដែល​ធ្វើឡើង​តាមរយៈ​សំណេរ​នៅលើ​ក្រដាស ហើយ​បុគ្គលិក​កាសែត​នេះ​ថត​ជុំគ្នា​បង្ហោះ​នៅ​បណ្តាញ​សង្គម​ផ្លូវការ​របស់​កាសែត​នេះ ត្រូវបាន​អ្នកគាំទ្រ ខេ​ម​បូ​ឌា ដេលី ផ្សព្វផ្សាយ​បន្តបន្ទាប់​នៅលើ​បណ្តាញ​សង្គម​នានា​។
​ ​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ៥ ខែសីហា អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្តីជូនដំណឹង​ដល់​កាសែត ខេ​ម​បូ​ឌា ដេលី​ ​ដោយ​ចោទថា កាសែត​នេះ​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​តាំងពី​ឆ្នាំ​២០០៧ រហូតដល់​ឆ្នាំ​២០១៧​ដែលមាន​ប្រាក់​ពន្ធ​សរុប​ចំនួន​៦,៣ លាន​ដុល្លារ​។

អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ទុកពេល​ឲ្យ​កាសែត​នេះ​៣០​ថ្ងៃ ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​មុន​ថ្ងៃទី ៤ ខែកញ្ញា​បើ​មិន​​ដូច្នោះ​ទេ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​ចាត់វិធានការ​ផ្សេងៗ ដូច​ជាការ​រឹបអូស​ទ្រព្យសម្បត្តិ និង​បិទ​ការចេញផ្សាយ​ជាដើម​៕

5

 
​ ​
​​

Related Articles

Back to top button
Close
Close