សម្តេច ហ៊ុន សែន ៖ ការជួបនាយករដ្ឋមន្ត្រីឡាវរឿងទាហានចូលទឹកដីខ្មែរជារឿងការទូត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ សីហា ២០១៧) ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងនៅថ្ងៃទី១៤ សីហា ថា ការដែលគេមើលឃើញសម្តេចទៅជួបនាយករដ្ឋមន្ត្រី ឡាវ ដើម្បីដោះស្រាយរឿង ឲ្យកងទ័ពឡាវដកចេញពីទឹកដីកម្ពុជានៅជាប់ព្រំដែនឡាវ ខេត្តស្ទឹងត្រែងនោះ មិនមែនជារឿងចាញ់ប្រៀបអ្វីនោះទេ ប៉ុន្តែជារឿងទំនាក់ទំនងការទូតធំណាស់ ដែលសម្តេចប្រើវិធីសាស្ត្រទន់ភ្លន់ ក្នុងការដោះស្រាយរវាងប្រទេសជាមិត្តទាំងពីរ។
សម្តេច ហ៊ុន សែន អះអាងនៅក្នុងពិធីចែកសញ្ញាប័ត្រឲ្យនិស្សិតថា កងទ័ពឡាវ បានដកទ័ពភ្លាមៗនៅថ្ងៃទី១២ សីហា គឺក្រោយពីលោកបានជួបនាយករដ្ឋមន្ត្រីឡាវ នៅថ្ងៃដដែលនោះ។
សម្តេច បន្ថែមថា ការបញ្ជាកងទ័ពឲ្យទៅព្រំដែនឡាវភា្លមៗ កាលពីរសៀលថ្ងៃទី១១ សីហានោះ ដើម្បីប្រយុទ្ធជាមួយកងទ័ពឡាវ បើសិនជាមិនដកចេញពីទឹកដីកម្ពុជានោះ គឺជាការបញ្ជាចាំបាច់ ហើយគ្មានអ្នកណាធំជាងសម្តេចនោះទេ ដែលជាឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥។ យ៉ាងនេះក្ដី សម្តេច ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនចង់បង្កសង្គ្រាមជាមួយប្រទេសជាមិត្តរឿងបញ្ហាព្រំដែននេះទេ ទាំងព្រំដែនកម្ពុជា-ឡាវ និងកម្ពុជា-ថៃ។ តែបញ្ហាព្រំដែននេះ សម្តេចចង់បានការដោះស្រាយដោយសន្តិវិធី៕