៤ជំហានអាចជួយឲ្យអ្នកមានជីវភាពល្អប្រសើរជាងមុន

ដោយ៖ ហេង នាង ​

សារព័ត៌មាន​ Cambodia News/

អប់រំ​ (១០ សីហា ២០១៧) ៖ ការ​ក្លាយ​ជា​អ្នក​មាន​ទាមទារ​​ឲ្យ​អ្នក​ចេះ​គ្រប់គ្រង​លុយ​ដែល​រក​បាន​​ឲ្យ​បាន​ល្អ​បំផុត​​ ព្រោះ​ថា​សំណាង​អាច​ជួយ​តិចតួច​ទេ​ក្នុង​ការ​ក្លាយ​ជា​អ្នក​មាន​​។ ទោះ​បី​​សំណាង​មិន​បាន​ជួយ​ឲ្យ​អ្នកក្លាយ​ជា​អ្នក​មាន​ពី​កំណើត​ តែ​អ្នក​​​​អាច​​ជួយ​ខ្លួន​ឯង​បាន​តាមរយៈ​​ការ​សម្រេច​ចិត្ត​យ៉ាង​ឈ្លាសវៃ​ចំពោះ​លុយ​របស់​អ្នក។

អ្នក​មិន​ងាយ​នឹង​ក្លាយ​ជា​អ្នក​​មាន​ដោយ​គ្រាន់​តែ​ធ្វើ​ការងារ​ខ្លាំង​​មួយ​មុខ​នោះ​ទេ​ ដូចនេះ​អ្នក​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ទ្រព្យ​​​របស់​អ្នក​​ ហើយ​ធ្វើ​ការ​វិនិយោគវា​ដោយ​ការ​ទទួល​ខុស​ត្រូវ​។ ដើម្បី​​ចាប់​ផ្តើម​កសាង​​ទ្រព្យ​សម្បត្តិ​​ផ្ទាល់​ខ្លួន​ ជំហាន​ទាំង​៤​ខាង​ក្រោម​នេះ​ អាច​ជួយឲ្យ​​អ្នកមាន​​​ជីវភាព​ល្អ​ប្រសើរ​ជាង​មុន​។

១. ព្យាយាម​ចំណាយ​​​តិច​ជាង​ចំណូល​​ដែល​​​រក​បាន ​ ជំហាន​នេះ​ងាយ​នឹង​និយាយ​ តែ​ពិបាក​នឹង​ធ្វើ​។ អ្នក​ត្រូវ​កំណត់​ពី​ការ​ចំណាយ​របស់​​អ្នក​ឲ្យ​តិច​ជាង​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​អ្នក​​ ដូច​នេះ​អ្នក​នឹង​អាច​មាន​គណនី​សន្សំ​។ អ្នក​ត្រូវ​មាន​ផែនការ​ចំណាយ​ ដោយ​ក្នុង​នោះ​ អ្នក​​​​​ត្រូវ​កាត់​ទុក​នូវ​ចំណែក​លុយ​គ្រប់គ្រាន់​សម្រាប់​បង់​វិក័យបត្រ​ ដោះ​បំណុល​ និង​​ចំណាយ​រស់នៅ​ដោយ​សមរម្យ ហើយ​កាត់​ទុក​មួយ​ចំណែក​ទៀត​សម្រាប់​សន្សំ​​។

២. ដោះ​បំណុល​ដែល​មាន​ការប្រាក់​ខ្ពស់​​បន្តិច​ម្តងៗ ជំហាន​ដំបូង​គឺ​អ្នក​ត្រូវ​ដោះស្រាយ​ចំពោះ​បំណុល​​របស់​អ្នក​ដោយ​ឈ្លាសវៃ​។​ បំណុល​​រារំាង​អ្នក​មិន​ឲ្យ​ធ្វើ​ការ​វិនិយោគ​ និង​ទិញ​ទ្រព្យ​សម្បត្តិ​ថ្មី​។ ដើម្បី​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ឲ្យ​មាន​និរន្តរភាព​ អ្នក​ត្រូវ​​ដោះ​បំណុល​​របស់​អ្នក​បន្តិច​ម្តងៗ​រហូត​ដល់​អស់​​ ជាពិសេស​ត្រូវ​ដោះ​បំណុល​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន​។

៣. មាន​ចំណែក​សន្សំ​ទុក​ ៖  អ្នក​មិន​អាច​ដឹង​ទេ​ថា​ នឹង​អាច​​មាន​អ្វី​កើត​ឡើង​ចំពោះ​ប្រាក់​ចំណូល​របស់​អ្នក​។ ដូចនេះ​ អ្នក​ត្រូវ​មាន​ចំណែក​សន្សំ​ទុក​ ដែល​អាច​ជួយ​ឲ្យ​អ្នក​រស់​នៅ​បាន​ដោយ​គ្មាន​ប្រាក់​ចំណូល​​ពី​៣​ទៅ​៦​ខែ​។ សូម្បី​តែ​ម្ចាស់​អាជីវកម្ម​តូច​តាច​ក៏​មាន​ចំណែក​បម្រុង​សម្រាប់​ដំណើរការ​អាជីវកម្ម​ នៅ​ពេល​គេ​ចាប់​ផ្តើម​អាជីវកម្ម​ដំបូង​​​ ឬ​ពង្រីក​អាជីវកម្ម​​របស់​ពួក​គេ​​។

៤. ក្លាយ​ជា​ម្ចាស់​លើ​អ្វី​មួយ​ ៖ ទ្រព្យ​សម្បត្តិ​កើត​ពី​ភាព​ជា​ម្ចាស់​ ដូចនេះ​ បន្ទាប់​ពី​អ្នក​មាន​ចំណែក​សន្សំ​ទុក​រួច​ហើយ​ អ្នក​ត្រូវ​ចាប់​ផ្តើម​​ចេះ​វិនិយោគ​ដូច​ជា​ការ​ទិញ​ហ៊ុន​ ឬ​ប័ណ្ណ​បំណុល​​ ឬ​ទ្រព្យ​ដែល​អាច​រីក​លូតលាស់​ទៅ​មុខ​។ ​អ្នក​ត្រូវ​ត្រួតពិនិត្យ​ដំណើរការ​វិនិយោគ​របស់​អ្នក​ ហើយ​ត្រូវ​បន្ត​ពង្រីក​​ទំហំ​វិនិយោគ​​របស់​អ្នក​រហូត​។

ប្រែសម្រួល​ពី​៖ (Entrepreneur)

1

Related Articles

Back to top button
Close
Close