សម្តេចតេជោ ហ៊ុន សែន ថ្លែងរិះគន់គណបក្សប្រឆាំងដល់ប្រទេសជប៉ុន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ សីហា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងរិះគន់គណបក្សប្រឆាំង នៅកម្ពុជាថា គេធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាពនៅកម្ពុជា ខុសពីគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតដល់សន្តិសុខ និងជីវិតប្រជាជនខ្មែរជានិច្ច។
សម្តេចថ្លែងដូច្នេះ កាលពីម្សិលមិញ ខណៈដែលសម្តេចអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងសិក្ខាសាលាស្ដីពីការវិនិយោគ ដែលរៀបចំដោយសមាគមជប៉ុន-កម្ពុជា និងអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) នាទីក្រុងតូក្យូ ជាទីកន្លែងដែលសម្តេចតេជោ ហ៊ុន សែន កំពុងបំពេញទស្សនកិច្ច។
សម្តេច ហ៊ុន សែន បានបង្ហាញអំពីស្ថានភាពនយោបាយកម្ពុជាទៅកាន់វិនិយោគិន ជប៉ុនទាំងនោះថា នៅអំឡុងពេលបោះឆ្នោត ជាតិឆ្នាំ២០១៣ គណបក្សប្រឆាំង បានធ្វើព្យុះ ធ្វើភ្លៀងនៅក្នុងប្រទេស ដោយប្រកាសថា ឈ្នះនៅមុនការបោះឆ្នោត ប៉ុន្តែក្រោយ បោះឆ្នោតបែរជាចាញ់ ហើយមិនទទួលស្គាល់លទ្ធផលខ្លួនទៅវិញ ។ សម្តេចបញ្ជាក់ថា បក្សប្រឆាំងតែងតែប្រកាសអំពីភាពជោគជ័យរបស់គេនៅរាល់មុនការបោះឆ្នោត ។
ប៉ុន្តែពួកគេក៏ធ្លាប់តែចាញ់រាល់ពេលនៃ ការបោះឆ្នោត ហើយតែងតែធ្វើបាតុកម្មជានិច្ច ក្រោយការបោះឆ្នោត។ ឥឡូវដើម្បីចៀសវាង ច្រំដែលនៃប្រវត្តិសាស្ត្រ យើងក៏បានដាក់ ចេញនូវច្បាប់ ព្រោះបក្សប្រឆាំងនៅកម្ពុជា មានចំណុចពិសេសរបស់គេគឺថា លទ្ធផលទាត់ចោល កៅអីគឺយក ប្រាក់ខែគឺយក ។ សម្តេចបញ្ជាក់ថា គណបក្សប្រឆាំងអនុវត្តន៍គោលការណ៍១មិន ២យក គឺ១មិនយកលទ្ធផលបោះឆ្នោត ឯ២យកកៅអី និងយកប្រាក់ខែ ៕