សម្តេចតេជោដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញ ក្រោយបញ្ចប់ទស្សនកិច្ចនៅជប៉ុន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ សីហា ២០១៧) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅក្នុងទំព័រ Facebook របស់សម្តេចថា នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចបានដឹកនាំគណៈប្រតិភូវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយបន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការអស់រយៈពេល៣ថ្ងៃកន្លងទៅ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចរយៈពេល៣ថ្ងៃកន្លងទៅនេះផងដែរថា ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃកន្លងទៅនេះ សម្តេចបានចូលបង្គំគាល់ព្រះរាជទាយាទជប៉ុន Naruhitoនិងបានជួបប្រជុំកំពូលជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzho Abe។
សម្តេចតេជោ បានបន្ថែមថា កម្ពុជានិងជប៉ុនមានទំនាក់ទំនងល្អ នឹងគ្នាជាយូរយារមកហើយ គឺចាប់តាំងពីឆ្នាំ១៩៥៣ហើយចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ ប្រទេសជប៉ុនទើបបានបញ្ជូនកងទ័ពមកបរទេសជាលើកទី១គឺមកកាន់កម្ពុជាក្នុងបេសកកម្មថែរក្សាសន្តិភាពកាលពីឆ្នាំ១៩៩២ ដែលគិតមកទល់ពេល នេះគឺមានរយៈពេល២៥ ឆ្នាំហើយ។
សម្តេចប្រមុខរដ្ឋាភិបាលបានឲ្យដឹងទៀតថា ក្នុងកិច្ចប្រជុំកំពូលជាមួយលោកនាយករដ្ឋមន្ត្រីប្រទេសទាំងពីរបានចុះអនុស្សារណៈលើឯកសារសំខាន់ៗចំនួនពីរ ដែលមានទឹកប្រាក់ជាង២៤៤លានដុល្លារ សម្រាប់អនុវត្តគម្រោងប្រព័ន្ឋកាពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ និងគម្រោងអភិវឌ្ឍន៍ចំណតកំពង់ផែក្រុងព្រះសីហុ៕