សម្ដេចតេជោ ហ៊ុន សែន នឹងចុះទៅតាមរោងចក្រជួបកម្មករដោយផ្ទាល់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ សីហា ២០១៧៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានឲ្យដឹងនៅព្រឹកនេះថា សម្តេចតេជោ ហ៊ុន សែន មានគម្រោងចុះទៅតាមរោងចក្រជួបកម្មករដោយផ្ទាល់ ដើម្បីស្វែងយល់បន្ថែម នូវស្ថានការណ៍ និងជីវភាពរស់ នៅរបស់កម្មករ ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកថា “ការចុះជួបនេះ គឺអាចធ្វើទៅតាមលទ្ធភាព នៅរៀងរាល់ថ្ងៃអាទិត្យ ដែលអាចធ្វើទៅបាន បន្ទាប់ ពីជួបជាមួយនឹងកម្មករ កម្មការិនី នៅកោះពេជ្រ ថ្ងៃទី២០ ខែសីហា ខាងមុខនេះ ។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា ការពង្រឹងភាពជិតស្និទ រវាងសម្ដេចតេជោ ហ៊ុន សែន និងកម្មករ បង្ហាញនូវការ យកចិត្តទុកដាក់ខ្ពស់របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ ។
អ្នកវិភាគនយោបាយបានមើលឃើញថា គម្រោងចុះជួបកម្មករដោយផ្ទាល់របស់សម្តេច ហ៊ុន សែន គឺជាយុទ្ធវិធីដ៏ថ្មីស្រឡាងមួយរបស់គណបក្សកាន់អំណាចក្នុងការប្រមូលសម្លេងគាំទ្រពី កម្មករ កម្មការីនី តាមរោងចក្រ សហគ្រាស់ ខណៈដែលការស្ទាបស្ទង់មតិនាពេលកន្លងទៅបង្ហាញ ថា កម្មករ កម្មការិនី តាមរោងចក្រសហគ្រាសភាគច្រើនគាំទ្របក្សប្រឆាំង៕