ក្រសួងធនធានទឹក នឹងបង្កើតក្រុមការងារ ដើម្បីរំដោះទឹកជំនន់នៅរាជធានីភ្នំពេញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ សីហា ២០១៧) ៖ ក្រោយពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានស្នើឲ្យលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមជួយសិក្សាផ្នែក បច្ចេកទេសទាក់ទង នឹងការរំដោះទឹកជំនន់នៅភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧នេះ លោករដ្ឋមន្រ្តីបានបើកអង្គប្រជុំ ដោយមានការចូលរួម ពីអភិបាលរាជធានីភ្នំពេញ និងមន្រ្តីមន្ទីរសាធារណរាជធានីភ្នំពេញ។
ក្រោយពីបានស្តាប់បទបង្ហាញ របស់អ្នកបច្ចេកទេស នៃក្រសួងធនធានទឹក និងមន្ត្រីបច្ចេកទេសរបស់ សាលារាជធានីភ្នំពេញ រួចមក អង្គប្រជុំពិនិត្យឃើញថា តំបន់មួយចំនួននៃរាជធានីភ្នំពេញ បាននិងកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ក៏ដូចជាជំនន់ស្ទឹងព្រែកត្នោត។
អង្គប្រជុំបានឯកភាពបង្កើតឡើង នូវក្រុមការងារមួយ ដោយមានសមាសភាពរួមគ្នា ដើម្បីធ្វើការសិក្សាឡើងវិញនូវបញ្ហាប្រឈម និងបទដ្ឋានបច្ចេកទេស ដែលត្រូវដោះស្រាយ ។ ការងារនេះ ត្រូវតែរៀបចំ និងចុះអនុវត្តឱ្យបានឆាប់បំផុត៕