សម្តេចតេជោ ៖ ប្រតិកម្ម និង អង្គការ AIM ពាក់ព័ន្ធការបំផ្លើសថា «ម្តាយកម្ពុជាយកកូនទៅលក់ឲ្យបម្រើផ្លូវភេទ»
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ សីហា ២០១៧) ៖ នៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាលពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០១ សីហា នេះ សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មជាសាធារណៈថា សម្តេចមិនអាចទទួលយកបានទេ ចំពោះការប្រមាថដ៏ធ្ងន់ធ្ងររបស់អង្គការ Agape International Missions (AIM) តាមរយៈការផ្តល់ពត៌មានបំផ្លើសទៅស្ថានីយ៍ទូរទស្សន៍អាមេរិក CNN and ABC News ដោយប្រមាថថា «ក្មេងស្រីកម្ពុជាត្រូវម្តាយលក់ឲ្យបម្រើផ្លូវភេទ» ។
សម្តេចតេជោបានបញ្ជាក់ទៀតថា ក្នុងឋានះជានាយករដ្ឋមន្ត្រីកម្ពុជាមិនអាចទទួលបានទេចំពោះការប្រមាថរបស់អង្គការមួយ ដែលដាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍ CNN និង ABC ផងដែរ ដែលប្រមាថថា “កម្ពុជាម្តាយយកកូនទៅលក់ធ្វើជាពេស្យាចា។
សម្តេចតេជោ ហ៊ុន សែនបានបន្តថា៖ «នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ។ កាលពីថ្ងៃអាទិត្យ ខ្ញុំបញ្ជាក្រសួងមហាផ្ទៃស៊ើបអង្កេតរឿងនេះ ហើយគប្បីគួរបិទចោលអង្គការក្រៅរដ្ឋាភិបាលមួយនេះ។ មិនមែនឲ្យអ្នកឯងប្រមាថជនជាតិខ្ញុំទេ» ។ សម្តេចតេជោ ក៏បានស្នើឲ្យស្ថាតទូតអាមេរិកធ្វើការស្រាវជ្រាវលើបញ្ហានេះផងដែរ ព្រោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ដូចប្រជាជនខ្មែរទាំងមូលមិនអាចទទួលយកបានទេ៕