រថភ្លើងបុករះទំលាក់ឡានចេញពីផ្លូវដែក
សារព័ត៌មាន Cambodia News/
ព្រះសីហនុ (០១ សីហា ២០១៧) ៖ មន្ត្រីកងរាជអាវុធហត្ថស្នាក់ការសន្តិសុខទំនប់រលកចាស់ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា នៅវេលាម៉ោង២ ថ្ងៃទី៣១ កក្កដា មានគ្រោះថ្នាក់រវាងរថភ្លើងនិងរថយន្តថ្មីមួយទៀត បានកើតឡើងលើកំណាត់ផ្លូវដែក ស្ថិតនៅលើចំណុចផ្លូវដែកមុខក្រុមហ៊ុន D C M C(ត្រង់ចំណុចរំដួលជើងភ្នំ)ក្រុម៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
មុនពេលកើតហេតុ គេឃើញរថភ្លើងមួយខ្សែមកពីភ្នំពេញ បានចូលមកដល់ខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តHyundai ពណ៌លឿង.ស ពាក់ផ្លាកលេខកំពត៣A-០០២៦ បើកបរដោយឈ្មោះ ញ៉ ឡាយ ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើតភូមិឫស្សីស្រុក ឃុំបឹងសាឡាងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ខ្វះការប្រុងប្រយ័ត្នក៏បើកឡើងទៅគងលើផ្លូវដែកមួយចំហៀង ដូចគេចតរថយន្តលើចិញ្ចើមផ្លូវ មួយចំហៀងដូច្នោះដែរ ។
ស្របពេលនោះរថភ្លើងបានបើកមកដល់ល្មម ក៏បុករះនិងកៀររថយន្តទំលាក់ចេញពីលើផ្លូវដែកតែម្តង ។ ទោះបីជាបែបណា ករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ គ្រាន់តែរងការខូចខាតរថយន្តមួយចំហៀងដែលគងលើផ្លូវដែកតែប៉ុណ្ណោះ ៕