កូរ៉េខាងជើងអះអាងថា មីស៊ីលសាកល្បងអាចបាញ់រំលងទ្វីបដល់អាមេរិក
សារព័ត៌មាន Cambodia news/
កូរ៉េខាងជើង (០១ សីហា ២០១៧) ៖ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២៨ កក្កដា បានបាញ់សាកមីស៊ីលបាលីស្ទិករំលងទ្វីប ICBM ថ្មីមួយទៀត ដោយមីស៊ីលនេះអាចបាញ់ដល់សហរដ្ឋអាមេរិកដែលធ្វើការថ្កោលទោសយ៉ាងខ្លាំង ។ ក្រុងព្យុងយ៉ាងអះអាងនាថ្ងៃទី២៩ កក្កដា ថា បានបាញ់សាកល្បងប្រកបដោយជោគជ័យមីស៊ីលបាលីស្ទិករំលងទ្វីបដោយចាត់ទុកថានេះជាការព្រមានយ៉ាងមហោឡារិកមួយចំពោះសហរដ្ឋអាេមរិក ។
លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានសម្តែងការអបអរសាទរចំពោះជោគជ័យនៃការបាញ់សាកល្បងនោះ ដែលលោកថា នេះជាសក្ខីភាពដែលចាប់ពីពេលនេះទៅ មីស៊ីលកូរ៉េខាងជើងអាចបាញ់ដល់សហរដ្ឋអាេមរិក ខណៈបណ្តាអ្នកទទួលខុសត្រូវអាេមរិកនិយាយថា ជាការនិយាយបំផ្លើសជ្រុល ។
យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA លោកគីម ជុងអ៊ុន ថ្លែងថា ការបាញ់សាកល្បងនេះបញ្ជាក់ជាថ្មីពីប្រសិទ្ធភាពរបស់ប្រព័ន្ធ ICBM ដែលបង្ហាញថា មីស៊ីល ICBM របស់យើងអាចបាញ់ដល់គ្រប់តំបន់ និងគ្រប់ពេលគួរឱ្យភ្ញាក់ផ្អើល ព្រមទាំងបង្ហាញយ៉ាងច្បាស់ថា ដែនដីអាមេរិកទាំងមូលស្ថិតក្នុងរង្វង់នៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ៕