អគារ ប៊ូឌីញ ជាគំរូទីនៃការអភិវឌ្ឍដោយមិនធ្វើឲ្យរាស្ត្រទឹកភ្នែក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ កក្កដា ២០១៧) ៖
អគារ ប៊ូឌីញ អាចនិយាយបានថាជាគំរូទីមួយហើយនៃការអភិវឌ្ឍដោយមិនធ្វើឲ្យរាស្ត្រទឹកភ្នែក មិនបង្ខំរាស្ត្រឲ្យចាកចេញពីផ្ទះសម្បែងដោយមិនស្ម័គ្រចិត្ត និងដោយក្ដីក្ដៅក្រហាយ។ ដោយឡែកការអភិវឌ្ឍគម្រោងដីធ្លីធំៗយ៉ាងហោចពីរកន្លែងផ្សេងទៀត នៅតែមានភាពចម្រូងចម្រាសនៅឡើយ ដូចជា ដីធ្លីនៅបឹងកក់ និងដីធ្លីនៅបុរីកីឡា ជាដើម។
លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានមជ្ឈដ្ឋានទូទៅកោតសរសើរចំពោះការចាត់ចែងដំណោះស្រាយក្នុងករណីគម្រោងអភិវឌ្ឍន៍អគារ ប៊ូឌីញ នេះ។
គេសរសើរលោកដោយសារលោកធ្វើឲ្យប្រជាពលរដ្ឋអ្នករស់នៅលើអគារនេះទាំង ៤៩២ ម្ចាស់ចំណែកឯកជន យល់ព្រមទទួលយកសំណងគ្រប់ៗគ្នា ដែលបើកផ្លូវដល់ការអភិវឌ្ឍដោយរលូនគ្មានភាពចម្រូងចម្រាសដូចគម្រោងដទៃទៀត នៅក្នុងទីក្រុងភ្នំពេញដូចគ្នា។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដែលបានជួយធ្វើឲ្យគម្រោងនេះប្រព្រឹត្តទៅដោយរលូន។
គួរបញ្ជាក់ថា ពលរដ្ឋដែលរស់នៅលើអគារ ប៊ូឌីញ សរុប ៤៩២គ្រួសារ បានយល់ព្រមទទួលយកសំណងក្នុងតម្លៃ ១៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដោយបើកផ្លូវឲ្យក្រុមហ៊ុនជប៉ុន ឈ្មោះ Arakawa ជាអ្នកវិនិយោគលើការអភិវឌ្ឍអគារ ប៊ូឌីញ នេះ ទៅជាអគារថ្មីកម្ពស់ ២១ជាន់ ដោយ ៣ជាន់ជាកន្លែងចតរថយន្ត ១ជាន់ជាកន្លែងហាងទំនិញ និង ៥ជាន់សម្រាប់ជាកន្លែងស្នាក់នៅ៕