បុគ្គលិកនៅព្រលានយន្តហោះពោធិចិនតុងម្នាក់ កាប់ជំនួយការផ្ទាល់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ កក្កដា ២០១៧) ៖ ជំនួយការផ្ទាល់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ ត្រូវអ្នកបម្រើការងារនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្នែកបុគ្គលិកទទួលភ្ញៀវចុះលើយន្តហោះ ទាញកាំបិតប៉័ងតោកាប់ប្រហារ បណ្តាលឲ្យរងរបួសធ្ងន់ ក្នុងខណៈដែលជនរងគ្រោះរូបនោះកំពុងដើរនៅក្នុងអាកាសយានដ្ឋានខាងលើនោះដោយមិនដឹងខ្លួន។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ខណៈជនរងគ្រោះកំពុងរង់ចាំទទួលសាច់ញាតិរបស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មកពីបរទេស នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះខាងលើនោះឈ្មោះ កែវ សូថា អាយុ៥១ឆ្នាំ ជាជំនួយការផ្ទាល់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ មានទីលំនៅផ្លូវលេខ៥៩៨ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ ហើយកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។
ដោយឡែកជនដៃដល់ឈ្មោះ កែវ ភារម្យ អាយុ២៥ឆ្នាំ មុខរបរអ្នកទទួលភ្ញៀវចុះពីលើយន្តហោះ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ18UH ផ្លូវK4A ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ត្រូវបានកម្លាំងសន្តិសុខអាកាសយានដ្ឋានចាប់ខ្លួនប្រគល់ឲ្យនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕