យុវជនបោះបង់ការសិក្សាមានក្តីសង្ឃឹមជាថ្មីក្រោយទទួលបានវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ
សារព័ត៌មាន Cambodia News/
ដោយ៖ ហេង នាង/
សៀមរាប (២៤ មិថុនា ២០៧)៖ យុវជនចំនួន២២០០នាក់រួមទាំងយុវជនពិការប្រមាណជិត២០០នាក់នៅតាមបណ្តាលខេត្តចំនួន៤ មានខេត្តសៀមរាប កំពង់ចាម ត្បូងឃ្មុំ និងរតនគិរី បានទទួលវគ្គបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈពីអង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយវិជ្ជាស្ថានតេជោសែនសៀមរាប មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម ត្បូងឃ្មុំ រតនគិរី វិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជា អង្គការគ្រួសារយើង និងអង្គការអាយឡូ។
ក្នុងសិក្ខាសាលាបញ្ចប់គម្រោងដោយជោកជ័យក្នុងរយៈពេល ៤ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ “ស្តីពីវគ្កបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន យុវនារីងាយរងគ្រោះនៅកម្ពុជា” នៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ មិថុនា លោក យី គឹមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់អង្គការ ភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈគឺធ្វើយ៉ាងណាផ្តល់ជំនាញបច្ចេកទេសឲ្យឆ្លើយតបនឹងទីផ្សារសម្រាប់យុវជន។
លោកបន្ដ អ្វីដែលយើងធ្វើគឺសិក្សាលើទីផ្សារ យើងសិក្សាថាតើទីផ្សារត្រូវការជំនាញអ្វីខ្លះ ហើយមួយទៀតយើងផ្តោតលើជំនាញទន់ ព្រោះវាក៏ជាកត្តាសំខាន់មួយដែរដូចជា របៀបប្រាស្រ័យទាក់ទងគ្នា ការធ្វើការងារក្រុម ការឱ្យតម្លៃខ្លួនឯង ការដោះស្រាយបញ្ហា ការតាំងចិត្ត ភាពស្មោះត្រង់ និងការងារក្នុងវប្បធម៌ចម្រុះ។
ជាមួយគ្នានោះដែរ លោក សួស សុវណ្ណ ជាមន្ត្រីជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនៃអង្គការ ភ្លែនអន្តរជាតិកម្ពុជា បានលើកទឹកចិត្ត និងជំរុញយុវជនដែលមិនមានលទ្ធភាពបន្តការសិក្សា ហើយបានសម្រេចបោះបង់ចោលការសិក្សាឲ្យងាកមកចាប់យកជំនាញវិជ្ជាជីវៈដែលអាចជួយពួកគាត់ឲ្យមានជំនាញជាក់លាក់ ដើម្បីងាយស្រួលស្វែករកការងារទទួលបានប្រាក់កំរៃសមរម្យ។
កញ្ញា ខឹក សៀប ជាអ្នកខេត្តសៀមរាប ដែលសម្រេចបោះបង់ចោលការសិក្សា ព្រោះគ្រួសារមានជីវភាពខ្វះខាត បានចាប់យកជំនាញវិជ្ជាជីវៈ ផ្នែកចុងភៅបាន នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសនៃកម្ពុជា តាមរយៈអង្គការ ភ្លែនអន្តរជាតិកម្ពុជា បាននិយាថា ក្រោយកញ្ញាចូលរៀនជំនាញផ្នែកចុងភៅបាន ៤ខែកញ្ញាបានចូលធ្វើការជាបុគ្កលិកផ្នែកចុងភៅនៅក្នុងសណ្ឋាគារមួយក្នុងខេត្តសៀមរាម។
កញ្ញាបន្តថា បន្ទាប់ពីបានចូលធ្វើការកញ្ញាមានអារម្មណ៍សប្បាយចិត្ត ព្រោះគិតថាខ្លួនឯងមានឱកាសបានចូលធ្វើការផ្នែកចុងភៅនៅក្នុងសណ្ឋាការមួយដែលមានលំដាប ហើយកញ្ញា បានរំពឹងថា ក្រោយបញ្ចប់ការសិក្សាជំនាញផ្នែកចុងភៅនេះនៅពេលកញ្ញាមានបទពិសោធ៍ និងមានដើមទុនគ្រប់គ្រាន់កញ្ញានឹងបើកភោគនីយដ្ឋានផ្ទាល់ខ្លួនមួយនៅខេត្តសៀមរាបនាថ្ងៃអនាគត់។
គោលបំណងចម្បងនៃកម្មវិធីបិទបញ្ចប់គម្រោង គឺដើម្បីចែករំលែកបទពិសោធន៍ការងារ និងសមិទ្ធិផលសំខាន់ៗរបស់គម្រោងដល់អង្គការដៃគូ និងអ្នកពាក់ព័ន្ធនានា។ ជំនាញសំខាន់ៗដែលគម្រោងបានផ្តល់ដល់សិក្ខាកាម មានដូចជា ជួសជុលម៉ូតូ ម៉ាស៊ីនធន់តូច ជួសជុលទូរសព្ទ អគ្គិសនី សម្អាងការ កាត់សក់អ៊ុតសក់ និងកាត់ដេរសំលៀកបំពាក់៕