ឆេះអគារខុនដូកម្ពស់២៤ជាន់ នៅប្រទេសអង់គ្លេសស្លាប់មនុស្ស១២នាក់
សារព័ត៌មាន Cambodia News/
ឡុងដ៍ (១៥ មិថុនា ២០១៧) ៖ សារព័ត៌មាន Telegraph ចេញផ្សាយថា មនុស្សយ៉ាងតិចចំនួន១២នាក់បានស្លាប់បាត់បង់ជីវិត និង៧៩នាក់ផ្សេងទៀតរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងករណីអគ្គិភ័យឆាបឆេះអគារខុនដូកម្ពស់២៤ជាន់មួយកន្លែងនៅទីក្រុងឡុងដ៍កាលពីថ្ងៃពុធម្សិលមិញនេះ។
ប៉ូលិសនៃចក្រភពអង់គ្លេសបានឲ្យដឹងថា អគារខាងលើនេះមានឈ្មោះ Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិចទីក្រុងឡុងដ៍ ដែលត្រូវបានគេរាយការណ៍ថា បានទទួលរងការឆាបឆេះកាលពីវេលាម៉ោង១ និង១៦នាទីយប់ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) ចាប់តាំងពីជាន់ទីពីររហូតដល់ជាន់លើបំផុត ហើយក្រុមពន្លត់អគ្គិភ័យដល់ទៅជាង២០០នាក់ បានចូលរួមពន្លត់គ្រោះអគ្គិភ័យដ៏ធំសម្បើមនេះ។
ទោះជាយ៉ាងណាប៉ូលិសបញ្ជាក់ថា ចំនួនអ្នកបាត់បង់ជីវិតទំនងជានឹងបន្តកើនឡើង ដោយសម្អាងថាមនុស្សជាច្រើននាក់ទៀត នៅកំពុងបន្តបាត់ខ្លួននៅឡើយ ដែលត្រូវគេសង្ស័យថា បានជាប់ខ្លួននៅក្នុងអគារកើតហេតុ ខណៈមូលហេតុនៃអគ្គិភ័យនេះនៅមិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ស្របពេលដែលការស៊ើបអង្កេត បាននិងកំពុងធ្វើឡើង៕