ខឹងប្រពន្ធជំពាក់លុយគេ ពេលគេមកទារលុយបែរជាវាយប្រពន្ធ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មិថុនា ២០១៧) ៖ ពេលគេមកទារលុយប្រពន្ធ បានស្ទុះទៅវាយប្រពន្ធ និងយកទួឡឺវីសចាក់ប្រពន្ធចំនួន៤កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ សេង ឡង់ឌី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានកូន២នាក់ ។ ចំណែកជនបង្កជាប្តីមានឈ្មោះ ភឹម វណ្ណចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅជាមួយគ្នា ។
តាមប្រភពព័ត៌មានពីជនរងគ្រោះត្រូវជាប្រពន្ធបាននិយាយថា ជារៀងរាល់ថ្ងៃប្តីរបស់គាត់តែងតែផឹកស្រាស្រវឹង ដោយសារតែជីវភាពខ្វះខាតគាត់បានខ្ចីលុយគេ២នាក់ចំនួន៣០០ដុល្លារ នៅថ្ងៃកើតហេតុខណៈពេលដែលគាត់កំពុងតែធ្វើម្ហូបហូបបាយ ស្រាប់តែមានអ្នកមកទារលុយទាំងយប់ ហើយគាត់ពុំមានលុយសងទេ ។
ប្រភពដដែលបានបន្តទៀតថា ពេលដែលគេមកទារលុយ ចំពេលដែលប្តីរបស់គាត់កំពុងផឹកស៊ីនៅជិតផ្ទះរបស់ខ្លួន លុះឃើញគេមកទារលុយក៏បានដើរមករករឿងគាត់ ហើយបានវាយទៅលើរូបគាត់ពីរទៅបីដៃ ធ្វើឲ្យគាត់យកមួកសុវត្ថិភាពវាយទៅលើប្តីវិញ ស្រាប់តែប្តីបានស្ទុះទៅយកទួឡឺវីសមកចាក់លើរូបគាត់ចំក្បាលពោះ គល់សុដន់ ចំនួន៣កន្លែង និងបាតដៃមួយកន្លែងបណ្តាលឲ្យរងរបួសធ្ងន់ ភ្លាមៗនោះគាត់បានទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ភ្លាមផងដែរ ។
បើតាមការសាកសួរពីបុរសជាប្តីមិននិយាយស្តីអ្វីទាំងអស់ ក្រោយពេលកើតហេតុជនបង្កជាប្តីត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកន្ទោក បានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ ៕