ករណីធ្លាក់យន្តហោះយោធាមីយ៉ាន់ម៉ារកឃើញសាកសព៥៩នាក់ហើយ
សារព័ត៌មាន Cambodia News/
មីយ៉ាន់ម៉ា (១២ មិថុនា ២០១៧) ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ បានចេញផ្សាយថា គិតមកទល់ថ្ងៃចន្ទនេះក្រុមសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះ៥៩នាក់ហើយ នៅក្នុងករណីធ្លាក់យន្តហោះយោធាមួយគ្រឿង របស់ប្រទេសមីយ៉ាន់ម៉ាមានផ្ទុកមនុស្សចំនួន ១២២នាក់ នៅសមុទ្រ Andaman ភាគខាងត្បូង គ្រាដែលប្រតិបត្តិការជួយសង្គ្រោះ និងរុករកបានឈានចូលដល់ថ្ងៃទី០៦។
សាកសពជនរងគ្រោះសរុបទាំង៥៩នាក់ រួមមានស្ត្រី២៣នាក់, កុមារ០៩នាក់, បុរស២៦នាក់ និងម្នាក់ទៀតមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ ដែលមទាំងទូកនេសាទមីយ៉ាន់ម៉ា បានរកឃើញ និងស្រង់ចេញពីទឹកសមុទ្រ Andaman ខណៈដែលមនុស្សជាច្រើននាក់ទៀត នៅតែបន្តបាត់ខ្លួនដដែល។
យន្តហោះដែលធ្លាក់នោះធុន Y-8-200F របស់កងទ័ពជើងអាកាសមីយ៉ាន់ម៉ាបានដឹកអ្នកដំណើរ១០៨នាក់ និងសហសេវិក១៤នាក់ ព្រមទាំងមានផ្ទុកទំនិញផ្សេងៗទម្ងន់ ២,៤តោនផងដែរ ហើយក្នុងចំណោមអ្នកដំណើរទាំងនោះមានកុមារ១៥នាក់, មនុស្សពេញវ័យជាជនស៊ីវិលចំនួន ៥៨នាក់, កងទ័ព ៣៥នាក់ ដែល០៦នាក់ជាមន្ត្រីយោធាជាន់ខ្ពស់ និង២៩នាក់ជាមន្ត្រីយោធាធម្មតា៕