នាំខ្លួនកូនប្រុសរដ្ឋលេខាធិការក្រសួងមហាផ្ទៃមកសាកសួរនៅស្នងការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ មិថុនា ២០១៧) ៖ សមត្ថកិច្ចបាននាំខ្លួនកូនប្រុសលោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាជនបង្កដែលបើករថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2AM-2762 បុកគេ និងបាញ់ប្រហារដើម្បីគំរាមពលរដ្ឋនៅតាមដងផ្លូវដែលបង្កឲ្យមានការ ភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧នេះ មកដល់ការិយាល័យចរាចរណ៍ ផ្លូវគោក រាជធានីភ្នំពេញហើយ ដើម្បីដោះស្រាយជាមួយជនរងគ្រោះ និងចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា ម្ចាស់រថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2AM-2762 ដែលបើកប៉ះគេហើយ ដកកាំភ្លើងបាញ់គំរាម គឺមានតួនាទីជានាយរងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងជាកូនប្រុសរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ។
គួរម្លឹកថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៧ និង៥៨នាទី មានករណីដ៏សាហាវមួយបានកើតឡើងនៅ នៅតាមបណ្តោយផ្លូវជាតិលេខ១ ជិតបុរីប៉េងហួតបឹងស្នោរ ដោយរថយន្តបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AM-2762 មួយគ្រឿង ក្នុងទិសដៅស្របគ្នា បានជិះវ៉ាខាងស្តាំ ហើយប៉ះជាមួយរថយន្តមួយគ្រឿងទៀតមិនព្រមឈប់ បែរជាបង្អង់ល្បឿន បើកញ្ចក់រថយន្តបាញ់មួយគ្រាប់គម្រាម និងបើករត់គេចខ្លួនបាត់៕