កាកសំណល់ថង់ប្លាស្ទិកប៉ះពាល់ធ្ងន់ធ្ងរ
សារព័ត៌មាន Cambodia News
សុខភាព (១២ មិថុនា ២០១៧) ៖ ថង់ប្លាស្ទីកគឺជាផលិតផលដ៏ពេញនិយមមួយប្រភេទសម្រាប់មនុស្សទូទៅ ដែលតែងតែប្រើប្រាស់សំរាប់ការវេចខ្ចប់ជារឿយៗ ហើយអត្រា កំណើននៃការប្រើប្រាស់នេះ ក៏បានកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះថាថង់ប្លាស្ទិកគឺជាផលិតផលដែលអាចប្រើប្រាស់បានច្រើនយ៉ាងទៅតាមតម្រូវការផ្សេងៗ ហើយអ្វីដែលពិសេសនោះ គឺតម្លៃរបស់វាថោកបំផុតនៅលើទីផ្សារ ដែលជាមូលហេតុនាំអោយមនុស្សគ្រប់គ្នាតែងតែប្រើប្រាស់វា។
ថង់ប្លាស្ទិកនៅតែជាបញ្ហាដែលមនុស្សគួរដោះស្រាយជាចាំបាច់ផងដែរ ព្រោះថាថង់ប្លាស្ទិកគឺជាកត្តាសំខាន់ដែលបានបំផ្លាញ់បរិស្ថាន សត្វ ជំរកសត្វឬសូម្បីតែមនុស្សបន្តិចម្តងៗ ជារៀងរាល់ថ្ងៃដោយសារតែវាត្រូវចំណាយពេលយ៉ាងតិច ៥០០ ទៅ ១០០០ឆ្នាំដើម្បីបំបែករលាយទៅជាល្បាយតូចៗ។
ថង់ប្លាស្ទីកត្រូវឆ្លងកាត់ការផលិតជាច្រើនដំណាក់កាល ហើយអំឡុងពេលផលិតនេះផងដែរ វាបានបន្សល់នូវការបំពុលជាច្រើនទៅកាន់បរិស្ថានដូចជា ផ្សែងដែលពោរពេញទៅដោយជាតិគីមី ហោះចេញពីរោងចក្រផលិតថង់ប្លាស្ទីកនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅកាន់ស្រទាប់បរិយាកាស ឬកាក់សំណល់រាវដែលលាយឡំជាមួយនិងសារធាតុគីមីនេះបានហូរចូលទៅក្នុងប្រភពទឹកដែលនាំអោយមានកាបំពុលទាំងនៅក្នុងទឹកនិងបរិយាកាសនេះជាដើម។
នៅពេលដែលបរិស្ថាននិងសត្វរងការបំពុលពីសំណល់ថង់ប្លាស្ទីកបែបនេះ មនុស្សយើងនេះឯងដែលជាអ្នករងការប៉ះពាល់ខ្លាំងបំផុតព្រោះថាអ្នកគ្រប់គ្នាសុទ្ធតែត្រូវការគ្រប់យ៉ាងទាំងនេះដើម្បីរស់មិនថាការទទួលទានប្រចាំថ្ងៃឬការដកដង្ហើមក៏ដោយវាសុទ្ធតែសំខាន់ដែលមនុស្សមិនអាចខ្វះបាន។
វាគឺជារឿងដែលលំបាកមួយដើម្បីអោយប្រជាជនកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទីកព្រោះថាអ្នកគ្រប់គ្នានៅតែគិតថាការប្រើប្រាស់វាអាចជួយកាត់បន្ថយការចំណាយក្នុងអាជីវកម្មរបស់ពួកគេបានច្រើនទោះបីជាបានដឹងនិងយល់អំពីផលប៉ះពាល់ដល់ច្រើននេះរួចហើយក៏ដោយ៕