សម្ដេចតេជោ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បក្សប្រជាជន គឺជាជោគជ័យរបស់ប្រជាជាតិទាំងមូល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ មិថុនា ២០១៧) ៖ ប្រមុខគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកមិញ នៅក្នុងយុទ្ធនាការស្វែងរកសម្លេងឆ្នោតថ្ងៃផ្ដាច់ព្រ័ត នារាជធានីភ្នំពេញ ដែលតាមការប៉ាន់ប្រមាណមាន បានប្រកាស់ជាសាធារណៈ ថា ការបោះឆ្នោតឲ្យបេក្ខភាពឃុំ-សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា គឺមិនមែនទទួលបានជោគជ័យតែបុគ្គលឈរឈ្មោះនោះទេ, ប៉ុន្តែវាក៏ជាជោគជ័យរបស់ជាតិយើងទាំងមូលតែម្ដង។
ជាមួយគ្នាសម្ដេចតេជោ សែន នាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសន្ដិភាព នៅទូទាំងប្រទេស ដោយគ្មានការបែងចែកតំបន់ រួមទាំងការអភិវឌ្ឍន៍ ដែលនាំមកដោយគណបក្សប្រជាជនកម្ពុជា ដោយសម្ដេចបានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់ រួមគ្នារក្សាសមិទ្ធិផលដែលមានស្រាប់នេះ។ សម្ដេចបានបញ្ជាក់ថា ការសម្រេចចិត្តខុសមួយថ្ងៃ នាំឲ្យចង្រៃមួយជីវិត។
ក្នុងនោះសម្ដេច បានឧទាហរណ៍ថា ការសម្រេចចិត្តខុស នៅថ្ងៃទី១៨ មីនា ឆ្នាំ២៩៧០ ដែលជារដ្ឋប្រហារទម្លាក់សម្តេចសីហនុ គឺបាននាំមកនូវវិសនាសកម្មដល់កម្ពុជា ហើយការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គឺដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍន៍បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គឺដើម្បីខ្លួនឯង។
ប៉ុន្តែយ៉ាងណាក៏ដោយ សម្ដេចក៏បានស្នើរសុំការយល់យោគផងដែរ ពីប្រជាពលរដ្ឋខ្មែរទូទៅ ចំពោះកំហុងឆ្គងបន្តិចបន្តួចរបស់ថ្នាក់ដឹកនាំមូលដ្ឋាន ហើយកុំឱ្យខឹងគោ វ៉ៃរទេះ។ ដោយសម្ដេចបានថ្លែងទទួលស្គាល់ថា គ្មាននរណាល្អឥខ្ចោះនោះទេ។ យើងមានចំណុចខ្វះខាតខ្លះដែរ ដោយសារតែមន្ត្រីមួយចំនួន មានឥរិយាបទមិនត្រឹមត្រូវហើយយើងកំពុងកែលម្អជាបន្តបន្ទាប់។ ក្នុងនោះសម្ដេចបានសន្យាថា នៅពេលឈ្នះឆ្នោត បើមេឃុំណាបម្រើប្រជាពលរដ្ឋមិនបានល្អ គណបក្សត្រូវតែហ៊ានអារកាត់ និងផ្លាស់ប្តូរចេញតែម្តង៕