មនុស្សទីប្រាំពីរដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារទីក្រុង Manchesterត្រូវបានឃុំខ្លួនដោយប៉ូលិស
សារព័ត៌មាន Cambodia News/
អន្តរជាតិ (២៦ ឧសភា ២០១៧) ៖ ប៉ូលិសបាននិយាយកាលពីថ្ងៃពុធថា បុរសម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកនៅក្រុង Manchester ត្រូវបានចាប់ខ្លួន។ សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួននៅតំបន់ Nuneaton រដ្ឋ Warwickshire បន្ទាប់ពីមានការស្រាវជ្រាវពាក់ព័ន្ធនឹងការវាយប្រហារ។
ករណីនេះបានធ្វើឱ្យចំនួនជនសង្ស័យសរុបដែលជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារកើនដល់ប្រាំពីរនាក់។ ទន្ទឹមនឹងនេះដែរ មេប៉ូលិសជាន់ខ្ពស់ប្រទេសអង់គ្លេសបានប្រតិកម្មដោយកំហឹងកាលពីយប់ថ្ងៃពុធ បន្ទាប់ពីខ្លឹមសារលម្អិតនៃការស្រាវជ្រាវលើការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវេទិកាក្រុង Manchester បានលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិក។
ប្រធានក្រុមប្រឹក្សាប៉ូលិសជាតិបាននិយាយថា ការលេចធ្លាយនេះបានធ្វើឱ្យប៉ះពាល់ដល់ការស៊ើបអង្កេតករណីវាយប្រហារភេរវកម្មកាលពីយប់ថ្ងៃច័ន្ទ ដែលបណ្តាលឱ្យមនុស្ស ២២នាក់ស្លាប់និង ៦៤នាក់រងរបួសផងដែរ។
កាសែត The Guardian ក្នុងទីក្រុងឡុងស៍ បាននិយាយថា នាយករដ្ឋមន្ត្រី Theresa May នឹងប្រឈមជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ចំពោះការលេចធ្លាយព័ត៌មានស៊ើបការណ៍សម្ងាត់ដ៏មានសារៈសំខាន់ នៅពេលដែលអ្នកទាំងពីរជួបគ្នានៅថ្ងៃព្រហស្បតិ៍នៅឯកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងព្រុចសែល៕ ប្រភពពី CCFR