សម្ដេចតេជោ ប្រាប់អ្នកកាសែតធ្វើការងារឲ្យបរទេសថា កុំឲ្យជ្រុលនិយមតាមជនបរទេស
សារព័ត៌មាន Cambodia news/
ភ្នំពេញ (១២ ឧសភា ២០១៧) ៖ ការថ្លែងនៅក្នុងសន្និសីទជាមួយបណ្ដាញព័ត៌មាននានាក្នុងនាមជាប្រទេសម្ចាស់ផ្ទះ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី ១១ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន ប្រាប់ដល់អ្នកសរសេរព័ត៌មានជនជាតិខ្មែរទាំងអស់ ដែលធ្វើការងារឲ្យបរទេសថា សូមឲ្យសរសេរព័ត៌មានត្រឹមត្រូវ តាមការពិត កុំលំអៀងទោរទន់ទៅខាងបរទេស ហើយគួរកុំឱនក្បាលបម្រើបរទេសទាំងនោះឲ្យសោះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានពណ៌នាបន្ថែមថា បើទោះជាអ្នកសរសេរព័ត៌មានឲ្យកាសែតCambodia Dailyដែលជាអង្គភាពកាសែតបរទេសនោះ បានសរសេរព័ត៌មានបង្កាច់បង្ខូចសម្ដេច នាពេលកន្លងមកអស់ពេលរាប់ឆ្នាំ យ៉ាងណាក៏ដោយក៏សម្ដេចមិនដាច់ចិត្តបោះបង់ចោល ទ្រាំឈរមើលអតីតបុគ្គលិកកាសែតCambodia Daily ដែលសុទ្ធតែជាប្រជាពលរដ្ឋខ្មែររងទុក្ខវេទនាដោយជំងឺ និងជីវភាពក្សត់ខ្សោយនោះឡើយ។
ជាក់ស្ដែងនៅថ្ងៃម្សិលថ្ងៃ សម្ដេចតេជោ បានប្រគល់ថវិកាឧបត្ថម្ភចំនួន ២ម៉ឺនដុល្លារជូនបុគ្គលិករបស់កាសែត Cambodia Daily ម្នាក់បានធ្លាក់ខ្លួនឈឺជាទម្ងន់។ សម្ដេចបានបញ្ជាក់ទៀតថា ក្នុងនាមប្រជាជាតិខ្មែរដូចគ្នាគ្មានប្រជាជាតិណាស្រឡាញ់និងយកចិត្តទុកដាក់ជាងប្រជាជាតិខ្មែរគ្នាឯងនោះឡើយ ដូច្នេះប្រជាពលរដ្ឋខ្មែរមិនត្រូវងប់ក្បាលជ្រុលនិយមជាមួយពួកបរទេសដែលតែងតែឈ្នានីសប្រទេសកម្ពុជាខ្លាំងពេកនោះឡើយ៕