សមត្ថកិច្ចអះអាងថា កូនបង្កើតលោកហុងដា រឹតកសម្លាប់ម្តាយចុង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ ឧសភា ២០១៧) ៖ ស្ត្រីជាភរិយាក្រោយរបស់នាយហុងដា តារាកំប្លែងឈ្មោះ ស៊ឹម ចន្ធី ហៅ អាការ ភេទស្រី អាយុ១៨ឆ្នាំ ត្រូវគេឃើញស្លាប់ក្នុងខុនដូរមួយនៅក្នុងខ័ណ្ឌដង្កោ ដោយសង្ស័យថា វាជាករណីឃាតកម្ម។ ហេតុការណ៍ចាប់ផ្ដើមភ្ញាក់ផ្អើលកាលពីម៉ោងប្រមាណ២រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជាន់ទី៥ នៃអគារខុនដូ កំពុងស្ថាបនា ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ នៅក្រោយផ្សារសារឿនយ៉ានី។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីកម្លាំងជំនាញ និងបានឆែកមើលកាំមេរ៉ាសុវត្ថិភាពរបស់ខុនដូ សមត្ថកិច្ចបានកំណត់មុខសញ្ញាបានគឺត្រូវជាកូនបង្កើតរបស់លោកហុងដា។ ករណីនេះគឺកូនបង្កើតសម្លាប់ម្តាយចុងខ្លួនឯងតែមិនដឹងមូលហេតុអ្វីនោះទេ ដោយកម្លាំងកំពុងធ្វើការស្រាវជ្រាវបន្ត។
យោងតាមអ្នកមើលការខុសត្រូវខុនដូរបានឲ្យដឹងកាលពីម្សិលមិញកូនដើមរបស់ជនរងគ្រោះដែលគេស្គាល់ឈ្មោះ អា និច ភេទប្រុសអាយុប្រហែល២០ឆ្នាំ បាននាំសង្សារមកលេងបន្ទប់កើតហេតុ។ ក៏ប៉ុន្តែមិនដឹងមានទំនាស់អ្វីនោះទេ បានជាឈានដល់ករណីឃាតកម្មបែបនេះ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្វែងរកជនសង្ស័យមកសាកសួរនិងផ្តន្ទាទោសតាមផ្លូវច្បាប់៕