នាយកដ្ឋានប្រយុទ្ធ នឹងជម្ងឺឆ្លង អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នជម្ងឺផ្ដាសាយធំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ ឧសភា ២០១៧៖ ខណៈរដូវវស្សាចូលមកដល់ កាលពីចុងសប្ដាហ៍កន្លងទៅនេះ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លងរបស់ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ប្រុងប្រយ័ត្នចំពោះជម្ងឺផ្ដាសាយធំ។
នាយកដ្ឋាននេះ បានលើកឡើងនៅក្នុងទំព័រ face book របស់ខ្លួនថា រដូវភ្លៀងធ្លាក់មកដល់ហើយ សូមប្រុងប្រយ័ត្នឆ្លងជំងឺផ្តាសាយធំ។ តាមការស្រាវជ្រាវរកឃើញរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្នុងប្រទេសយើងនៅក្នុងរដូវភ្លៀង ជារដូវដែលមានឆ្លងជំងឺផ្តាសាយច្រើន ដែលបង្កឡើងដោយមេរោគផ្តាសាយ (Seasonal Influenza) ដែលបង្កឲ្យមានគ្រុនក្តៅ ឈឺ.ក ក្អកស្ងួត និងអាចវិវត្តន៏ទៅហត់ធ្ងន់ធ្ងរ។ ដូច្នេះសូមបងប្អូនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឲ្យចំលងជំងឺផ្តាសាយធំនេះ។
បើតាមការរកឃើញ របស់នាយកដ្ឋាន ប្រយុទ្ធនឹងជម្ងឺឆ្លងថា រោគសញ្ញាជំងឺផ្តាសាយបង្កឡើងដោយ៖ គ្រុនក្តៅលើសពី ៣៨.៥អង្សាសេ និងមានក្អក ឫឈឺ.ក និងករណីខ្លះអាចវិវត្តន៏ទៅហត់។ ការព្យាបាលគឺ ប្រើថ្នាំបញ្ចុះកំដៅ ផឹកទឹកឲ្យបានច្រើន គេងលក់ស្កប់ស្កល់ កាត់បន្ថយការហាត់ប្រាណ ហូបអាហារសំបូរជីវជាតិ ជាពិសេស វីតាមីនសេ។ ការប្រើថ្នាំផ្សះគ្មានប្រសិទ្ធិភាព សំលាប់មេរោគនេះទេ ថែមទាំងសុខភាពទ្រុឌទ្រោម និងមិនងាយជាពីជំងឺផ្តាយទៀតផង។ ហើយបើការព្យាបាល៣ថ្ងៃមិនធូរស្រាល ឫវិវត្តន៍ទៅជាហត់ខ្លាំង សូមអញ្ជើញទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ព្រោះមន្ទីរពេទ្យមានឱសថសំរាប់ព្យាបាលសំលាប់មេរោគផ្តាសាយឈ្មោះ Tamiflu ៕