យុវជន ២នាក់ត្រូវដីបាក់សង្កត់ស្លាប់ និងរបួស ខណៈដើរជីករូងដីយកសត្វមកលក់
សារព័ត៌មាន Cambodia News/
កំពង់ស្ពឺ (២១ មេសា ២០១៧) ៖ ខណៈកំពុងតែដើរជីកសត្វក្នុងរូងដី ដើម្បីយកទៅលក់ យុវជន២នាក់ ត្រូវបានដីបាក់សង្កត់ដោយម្នាក់ស្លាប់ និងម្នាក់រងរបួស នៅចំណុចការដ្ឋានកាយខ្សាច់ តាមុយ ស្ថិតក្នុងភូមិព្រៃកោះ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ។
បើតាមឲ្យដឹងពីអធិការនគរបាលស្រុកសំរោងទង ជនរងគ្រោះទាំង២នាក់នេះ ឈ្មោះ ចឹក វុធថៃ អាយុ១៥ឆ្នាំ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតដែលរងរបួសឈ្មោះ សយ សុខហេវ អាយុ១៧ឆ្នាំ រស់នៅភូមិតាកេរ្ដ៍ ឃុំរលាំងចក។
ប្រភពព័ត៌មានបន្តថា នេះគឺជាការធ្វេសប្រហែសរបស់អ្នករងគ្រោះ ហើយករណីនេះ អាចបណ្តាលមកពីជីកជ្រៅពេកដោយមិនគិតដល់រឿងបាក់ដីសង្កត់នោះទេ។ តែទោះជាយ៉ាងណាក៏ដោយ ជុំវិញករណីនេះ កម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវបន្ដ។ បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សការី