អ្នកស្លាប់ក្នុងករណីរអិលបាក់ដីនៅកូឡាំប៊ីកើនឡើងដល់២៧៣នាក់
សារព័ត៌មាន Cambodia News/
បូកូតា (០៤ មេសា ២០១៧) ៖ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ដ៏អាក្រក់នៅទីក្រុង Mocoa ភាគខាងត្បូងប្រទេសកូឡុំប៊ីដែលកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានកើនឡើងដល់២៧៣នាក់ហើយ ដោយក្នុងនោះមានកុមារចំនួន៤៣នាក់ ខណៈជិត ២០០នាក់ទៀតបន្តបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ប្រភពបន្តថា រហូតមកទល់ពេលនេះក្រុមអ្នកជួយសង្គ្រោះនៅតែកំពុងបន្តធ្វើការស្វែងរកជនរងគ្រោះ ខណៈដែលមន្ទីរពេទ្យនានាៗនៅក្នុងទីក្រុង Mocoa ដែលស្ថិតក្នុងខេត្ត Putumayo បាននិងកំពុងបន្តទទួលបានថ្នាំសង្កូវ និងសម្ភារៈផ្គត់ផ្គង់ជាបន្តបន្ទាប់។ ទន្ទឹមនោះប្រភពបញ្ជាក់ថា បញ្ហាប្រឈមចម្បងនាពេលបច្ចុប្បន្នគឺបញ្ហាសុខភាពសាធារណៈ រួមមានកត្តាអនាម័យ និងការទប់ស្កាត់ជំងឺរីករាតត្បាតនៅក្នុងទីក្រុង៕