ស្រវឹងជោកបើករថយន្តបុកបង្គោលភ្លើងបណ្តាលឲ្យស្លាប់៤នាក់ របួសម្នាក់
សារព័ត៌មាន Cambodia News/
កណ្តាល (៣០ មីនា ២០១៧) ៖ មនុស្ស៤នាក់បានស្លាប់បាត់បងជីវិត និងម្នាក់ទៀតរងរបួសស្រាលដោយសារស្រវឹងស្រាបើកបររថយន្តត្រឡប់មកផ្ទះវិញ បន្ទាប់ពីផឹកស៊ីនៅក្រុងតាខ្មៅ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២២ និង៥០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ២១B នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាងខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាកឡិចស៊ីស RX300 ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AN:1856 បើកបរក្នុងទិសដៅពីជើងមកត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុកជាមួយនឹងរបងផ្ទះប្រជាជន ហើយជ្រុលទៅបុកបង្គោលភ្លើងចំនួន២ដើមបណ្តាលអោយបង្គោលបាក់ រីឯរថយន្តក្រឡាប់តែម្តង។
ប្រភពបន្តថា រថយន្តនេះបើកបរដោយឈ្មោះ ភិន សុភ័ស្ត ហៅញ៉ាញ់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករអគ្គិសនីស្រុកស្អាង ទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) រួមដំណើរមានគ្នា៤នាក់
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីនេះធ្វើឲ្យខូចខាតរថយន្ត១គ្រឿងធ្ងន់ បាក់បង្គោលភ្លើងចំនួន២ដើម និងរបងផ្ទះប្រជាពលរដ្ឋមួយចំនួន។ បច្ចុប្បន្នសពបានពិនិត្យរួចរាល់ហើយបានប្រគល់អោយគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។ ចំណែកវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង៕