ជីវិតម្តាយកូនអន្តោប្រវេសន៍មិនស្របច្បាប់នៅប្រទេសថៃ
បទយកការណ៍
អត្ថបទនិងរូបភាព ដោយ ឆាយ សុផល
ខេត្តសាមុទ្រសាខន ប្រទេសថៃ (៤ មីនា ២០១៧)៖ ទឹកភ្នែកហូររហាមជោកថ្ពាល់ទាំងទ្វេរហូតស្រក់លើអាវដោយមិនដឹងខ្លួន យុវតីម្នាក់បាននិយាយដោយរអាក់រអួលថា “ខ្ញុំបានយកកាំបិតកាត់ទងផ្ចិតកូន និងជូតឈាមដោយខ្លួនឯង បន្ទាប់ពីខ្ញុំកើតកូននៅក្នុងបន្ទប់ដេកនាម៉ោងជិត៣ទាបភ្លឺ”។
នៅខែកញ្ញា នាឆ្នាំមុន សូមាលី សាវី វ័យ២០ឆ្នាំ បានប្រសូតកូនប្រុសម្នាក់នៅក្នុងបន្ទប់ជួលមួយនាកណ្តាលទីក្រុងបាងកក ប្រទេសថៃ ដោយគ្មាននរណាម្នាក់នៅក្បែរនាងឡើយ។
ដោយជាជនអន្តោប្រវេសន៍ខុសច្បាប់ សាវី មិនហ៊ានប្រាប់នរណាឡើយ សូម្បីតែម្ចាស់ផ្ទះជនជាតិថៃ និងអ្នកធ្វើការជាមួយពីបញ្ហាកូនក្នុងផ្ទៃ ហើយម្យ៉ាងទៀត នាងនៅក្មេង មិនដឹងការរាក់ជ្រៅពីបញ្ហាកូនដំបូង។
នៅពេលរម្លឹករឿងរ៉ាងដ៏កណ្ដែងកណ្តោចនេះ ទឹកភ្នែកនាងហូរកាន់តែខ្លាំង ខណៈលួងកូននៅលើដៃ ដែលមានអាយុជិត៧ខែ។
និយាយបណ្តើរ យំខ្សឹកខ្សួលបណ្តើរ សាវី បានរៀបរាប់ថា មុនសម្រាលកូន នាងបានធ្វើការនៅក្នុងអាហារដ្ឋានមួយក្នុងទីក្រុងបាងកក ហើយនៅព្រឹកមួយ នាងដើរទៅធ្វើការបានពាក់កណ្តាលផ្លូវ ស្រាប់តែឈឺពោះ ប៉ុន្តែនាងមិនដឹងថា ការឈឺនោះបណ្តាលមកពីពីកូនក្នុងផ្ទៃឡើយ ដោយនាងបញ្ជាក់ថា “កំពុងតែដើរទៅធ្វើការ ខ្ញុំក៏ឈឺពោះខ្លាំង។ ដោយទ្រាំមិនបាន ខ្ញុំក៏ដើរទៅផ្ទះវិញ ហើយពោះនោះ ឈឺបាត់ៗ រហូតដល់ម៉ោង៣ជិតភ្លឺ ទើបខ្ញុំកើតកូន”។
“ខ្ញុំនៅតែម្នាក់ឯងគត់ និងមិនដឹងអ្វីទាំងអស់ ហើយពេលកូនកើតមក ខ្ញុំមិនដឹងធ្វើយ៉ាងម៉េច។ ដោយឃើញទងផ្ចិតកូន និងសុកនៅជាប់គ្នា ទើបខ្ញុំយកកូនកាំបិតដែលខ្ញុំបានទិញពីផ្សារពីមុន មកកាត់ទងផ្ចិតចោល ហើយកូនក៏ស្រែកយំ” នេះគឺជាការរម្លឹករបស់ សាវី ដោយដៃម្ខាងជូតទឹកភ្នែក និងដៃម្ខាងទៀតឱបត្រកងកូន។
បន្ទាប់ពីកាត់ទងផ្ចិតកូនរួចមក ទើបម្ចាស់ផ្ទះបានដឹងតាមរយៈសំលេងស្រែកយំរបស់ទារក ហើយដើម្បីបញ្ចៀសគ្រោះថ្នាក់ដោយយថាហេតុនៅក្នុងផ្ទះរបស់ខ្លួន ម្ចាស់ផ្ទះក៏បានបញ្ជូន សាវី និងកូនទៅមន្ទីរពេទ្យជាបន្ទាន់។
សំណាងល្អណាស់ ទាំងម្តាយនិងកូនមានសុខភាពល្អ ហើយកូនត្រូវបានពេទ្យពិនិត្យ និងព្យាបាលផ្ចិត ដើម្បីបង្ការការឆ្លងមេរោគនៅពេលកាត់ទងផ្ចិត។
កូនប្រុស សាវី គឺ វ៉ាន់ ឆាលើម ជាឈ្មោះដែលម្ចាស់ផ្ទះជនជាតិថៃបានដាក់ឲ្យដែលមានន័យថា “ថ្ងៃអបអរ”។ ក្នុងវ័យជិត៧ខែនេះ វ៉ាន់ ឆាលើម ហៅ ប៊ិក មិនដែលបានឃើញមុខ និងឮសំឡេងឪពុករបស់ខ្លួនម្តងណាឡើយ។
នៅពេលសួរថា តើឪពុក វ៉ាន់ ឆាលើម នៅទីណា ហើយធ្វើការអ្វី ស្រាប់តែទឹកភ្នែក សាវី ហូរកាន់តែខ្លាំង លាយឡំនឹងទឹកសម្បោរ និងលួងកូនដែលកំពុងយំតិចៗ។
លើកដៃជូតទឹកភ្នែកបន្តិច សាវី និយាយមួយៗថា “គេបានរត់ចោលខ្ញុំ តាំងពីគេដឹងថា ខ្ញុំមានផ្ទៃពោះបានមួយខែមកម្ល៉េះ”។
សាវី មានស្រុកកំណើតនៅខេត្តបាត់ដំបង។ នៅពេលនាងមានអាយុបាន១៥ឆ្នាំ ឪពុកម្តាយរបស់នាងបានលែងលះគ្នា ដែលធ្វើឲ្យនាងឈប់រៀនសូត្រ ហើយបានធ្វើចំណាកស្រុកមកប្រទេសថៃ ដោយខុសច្បាប់ជាមួយអ្នកភូមិ ដើម្បីស្វែងរកការងារធ្វើ។
មកដល់ទឹកដីថ្មីនៃអាណាចក្រដ៏ធំធេង នាងបានចូលធ្វើការជាកម្មករសំណង់ ដោយមានតួនាទីជាអ្នកចងដែក ហើយទទួលបានប្រាក់១៨០បាត ឬ១ម៉ឺន៨ពាន់រៀលក្នុងមួយថ្ងៃ។
ធ្វើការបានប្រមាណ៤ខែ សាវី បានជួបបុរសជនជាតិឯងម្នាក់មកពីខេត្តបន្ទាយមានជ័យ ហើយពីរឆ្នាំក្រោយមក គឺនៅពេល សាវី អាយុបាន១៧ឆ្នាំ អ្នកទាំងពីរបានរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធ រហូតនាងមានផ្ទៃពោះបានមួយខែនាចុងឆ្នាំ២០១៥។
ជីវិតសោកសៅរបស់ម្តាយកូនទាំងពីរនេះបាននៅត្រសែតអណ្តែតនាកណ្តាលវេហាក្នុងប្រទេសថៃ ដោយមិនដឹងទៅទីណា ទោះជាចង់វិលត្រឡប់មកស្រុកកំណើតវិញក៏មិនងាយស្រួលដែរ។
សម្រាប់ សាវី ខ្លួនឯង នាងអាចមកស្រុកវិញបាន ប៉ុន្តែ វ៉ាន់ ឆាលើម ពិតជាពិបាក ដោយសារនាងមិនមានឯកសារណាមួយបង្ហាញថា ឆាលើម ជាកូនបង្កើតរបស់នាង ដែលអាជ្ញាធម៌ថៃទាមទារឲ្យមានសាក្សីធានាបានច្បាស់លាស់ពីបញ្ហានេះ។
ទោះជាយ៉ាងនេះក្តី សាវី មិនចង់វិលត្រឡប់មកប្រទេសវិញទេ ដោយនាងចង់បន្តរស់នៅនិងធ្វើការនៅប្រទេសថៃទៀត ព្រោះថា ទោះជាទៅប្រទេសវិញ ក៏នាងមិនដឹងមានអ្វីជាទីពឹងដែរ។
តាមរយៈអង្គការមូលនិធិបណ្តាញលើកកម្ពស់សិទ្ធិការងារ (Labour Rights Promotion Network) ដែលមានស្នាក់ការធំនៅខេត្តសាមុទ្រសាខន (Samutsakorn) ខាងត្បូងទីក្រុងបាងកកប្រមាណ៥០គីឡូម៉ែត្រ ម្តាយកូនទាំងពីរបានមករស់នៅបណ្តោះអាសន្នក្នុងអង្គការនេះ មុនសំណុំបែបបទរបស់ ឆាលើម ត្រូវបានបំពេញតាមផ្លូវច្បាប់។
លោក សំពុង ស្រាកែវ (Sompong Srakaew) នាយកប្រតិបត្តិ និងជាស្ថាបនិកនៃអង្គការមូលនិធិបណ្តាញលើកកម្ពស់សិទ្ធិការងារប្រចាំខេត្តសាមុទ្រសាខនបានប្រាប់អ្នកយកព័ត៌មានកម្ពុជានារសៀលថ្ងៃទី៣ មីនា ថា សាវី និងកូន គឺជាពលរដ្ឋខ្មែរក្នុងចំណោមប្រមាណ១០០នាក់ទៀតដែលអង្គការរបស់លោកបានជួយសម្របសម្រួល ដើម្បីធ្វើយ៉ាងណាបានវិលត្រឡប់ទៅស្រុកវិញ។
លោកថា បើតាមទិន្នន័យផ្លូវការបង្ហាញថា មានពលរដ្ឋខ្មែរប្រមាណ៧សែននាក់បានចុះបញ្ជីស្របច្បាប់ធ្វើការនៅប្រទេសថៃ ហើយ សាវី គឺជាពលករមិនស្របច្បាប់ក្នុងចំណោមរាប់ម៉ឺននាក់ទៀត។
លោកបន្តថា អង្គការរបស់លោកកំពុងបំពេញការងារជាមួយស្ថានទូតកម្ពុជា និងអាជ្ញាធរថៃ ដើម្បីជួយសម្រួលឲ្យ សាវី និងកូន បានទៅស្រុកវិញ ប៉ុន្តែក្នុងអំឡុងពេលមិនទាន់បានសម្រេច អង្គការរបស់លោកទទួលនាងនិងកូនឲ្យស្នាក់នៅមួយរយៈ។
បើតាមរបាយការណ៍របស់ក្រសួងការងារកម្ពុជាបង្ហាញថា ពលករខ្មែរទៅធ្វើការនៅប្រទេសថៃមានប្រមាណ១លាន៥ម៉ឺននាក់ ដោយចែកជាបីប្រភេទ គឺប្រភេទទី១ជាពលករស្របច្បាប់មានប្រមាណ៣០ម៉ឺននាក់បានចុះអនុសារណៈយោគយល់គ្នាជាផ្លូវការរវាងរដ្ឋាភិបាលកម្ពុជានិងថៃ ខណៈប្រភេទទី២គឺជាពលករមិនទាន់ស្របច្បាប់ទាំងស្រុងមានប្រមាណ៤០ម៉ឺនាក់ តែអាចធ្វើការបាននៅប្រទេសថៃ ហើយប្រភេទទីគឺមានប្រមាណ៣០ម៉ឺននាក់ ដែលជាពលករមិនស្របច្បាប់ទាំងស្រុង។
លោក Sompong Srakaew បានបញ្ជាក់ថា ពលករខ្មែរប្រមាណពី៦០% ទៅ៧០% ជាពលករការងារសំណង់ ហើយក្រៅពីនោះគឺការនេសាទ កសិកម្ម និងផ្សេងៗ ហើយបញ្ហាធំដែលកើតមានកន្លងមក កឺច្រើនតែពលករនេសាទ ពិសេសនៅតំបន់សមុទ្រជាប់ប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។
លោកថា អង្គការរបស់លោកជួយទាំងពលករខ្មែរ ឡាវ និងភូមា ទាំងស្របច្បាប់ មិងមិនស្របច្បាប់ សំខាន់គឺកុំឲ្យមានការកេងប្រវ័ញ្ចពលកម្ម និងការរំលោភសិទ្ធិពលករដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។
លោក Srakaew បានបង្ហើបឲ្យដឹងថា បញ្ហាដែលពលករខ្មែរជួបវិបត្តិធំគឺថា ក្រុមហ៊ុនដែលនាំពលករពីស្រុកខ្មែរទៅថៃ បានយកពលករបន្តទៅឲ្យក្រុមហ៊ុនផ្សេងទៀត ដែលការងារខុសពីកិច្ចសន្យាកាលពីដំបូង ហើយបញ្ហានេះធ្វើឲ្យពលករមិនពេញចិត្ត ហើយនាំគ្នាដូរការងារខុសពីឯកសារដើម។
លោកស្រី ឡាយ ច័ន្ទរស្មី ភារធារីស្តីទីនៃស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកបាននិយាយនៅថ្ងៃទី២ មីនា ថា នៅពលករដូរការងារពីក្រុមហ៊ុនដើម ទៅធ្វើការឲ្យក្រុមហ៊ុនមួយផ្សេងទៀត ដោយមិនមាន ការឯកភាពពីក្រុមហ៊ុនដើម នោះពលករក្លាយជាពលរមិនស្របច្បាប់។
លោកស្រីបន្តថា បើតាមស្ថានទូតដឹង គឺមានក្រុមហ៊ុនប្រមាណ៨០ក្រុមហ៊ុននៅក្នុងប្រទេសថៃ ដែលទទួលយកពលករខ្មែរទៅធ្វើការ ដែលភាគច្រើនជាអ្នកលក់កម្លាំងពលកម្មជាជាងលក់ប្រាជ្ញា ហើយថា ស្ថានទូតបានខិតខំធ្វើយ៉ាងណាជួសម្រួលពលរដ្ឋខ្មែរឲ្យរស់នៅ និងធ្វើការងារស្របច្បាប់ ឬក៏ជួបបញ្ហាផ្សេងៗ។
លោក Srakaew បានបន្ទរថា នៅប៉ុន្មាន២ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងអង្គការរបស់លោក និងស្ថានទូតកម្ពុជាមានភាពប្រសើរជាងមុនឆ្ងាយណាស់ក្នុងការជួយដល់ពលករខ្មែរដែលកំពុងរស់នៅលើទឹកដីថៃ។
ចំណែកឯ សាវី វិញ នាងបានតាំងចិត្តថា បើនាងអាចធ្វើការនៅប្រទេសថៃបាន នាងត្រូវតែធ្វើ ទោះបីក្លាយជាពលករមិនស្របច្បាប់ក៏ដោយ ព្រោះនាងមិនចង់វិលទៅស្រុកដែលគ្មានគោលដៅនោះទេ។
នៅពេលសួរថា ប្រសិនបើឪពុក ឆាលើម វិលមករកនាងនិងកូនវិញ តើនាងសម្រេចចិត្តយ៉ាងណា នាងបានឆ្លើយដោយមិនបង្អង់ជាមួយនិងទឹកមុខមាំថា “គ្រប់គ្រាន់ហើយសម្រាប់ខ្ញុំ! គេបោះបង់ខ្ញុំ និងកូនចោលនាពេលមុន ដូចនេះ បើមកយកវិញ គេក៏អាចបោះបង់ខ្ញុំចោលទៀតដែរនាពេលក្រោយ។ ខ្ញុំអាចកើតកូនតែម្នាក់ឯងបាន ដូចនេះ ខ្ញុំក៏អាចរកអនាគតដោយខ្លួនឯងបានដែរ”៕