ប្រាក់ខែមន្ត្រីរាជការនឹងឡើងមុនបុណ្យចូលឆ្នាំខ្មែរ
សារព័ត៌មាន Cambodia News/
កំពង់ចាម (០១ មីនា ២០១៧) ៖ ថ្លែងនៅក្នុងពិធីសម្ពោធអគារសិក្សា និងទីចាត់ការសរុប ២១បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែនបឹងកុក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីព្រឹកមិញនេះសម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ “សូមជម្រាបជូនលោកគ្រូអ្នកគ្រូឱ្យបានដឹងថា ប្រាក់ខែបានឡើងមួយដំណាក់ហើយ រំកិលបន្តិច ប៉ុន្តែមិនមែនតែលោកគ្រូអ្នកគ្រូទេ មន្ត្រីរាជការ កងរាជអាវុធហត្ថ ទូទាំងប្រទេសនៅតែ១ខែទៀតទេ ប្រាក់ខែឡើងហើយ ឡើងមុនចូលឆ្នាំ។
សម្ដេចបន្តថា គ្រូបង្រៀន និងគ្រូពេទ្យប្រាក់ខែទាបបំផុត ៩៥ម៉ឺនរៀលជាអប្បបរមា ប៉ុន្តែនៅបន្ថែមប្រាក់តំបន់ ៨ម៉ឺន ទៅ ១០ម៉ឺន ដូច្នេះលោកគ្រូអ្នកគ្រូប្រាក់ខែសុទ្ធតែលើសពី១លានរៀលហើយ។ ហើយក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះ សម្ដេចនឹងឧបត្ថម្ភប្រាក់ដល់លោកគ្រូអ្នកគ្រូ មន្ត្រីរាជការទូទាំងប្រទេស ក្នុងម្នាក់៥ម៉ឺនរៀលលើប្រាក់ខែដែលកំពុងដំឡើងទៀត។
សម្ដេចតេជោហ៊ុន សែន ក៏បានឱ្យដឹងផងដែរថា ប្រាក់សម្រាប់ឧបត្ថម្ភនេះ រដ្ឋាភិបាលត្រូវចំណាយរហូត ៣០ពាន់លានរៀល ឬស្មើ៧លានដុល្លារ។ ដូច្នេះរាល់ការបញ្ចេញសាច់ប្រាក់ត្រូវមានក្រឹត្យក្រមច្បាស់លាស់ មិនមែនចេះតែបញ្ចេញនោះទេ ទើបត្រូវធ្វើការចំណាយថវិកាម្ដងមួយដំណាក់កាល៕