លោក​អូបាម៉ា​អនុញ្ញាត​ឲ្យ CIA ជួយ​ក្រុម​ឧទ្ទាម​ស៊ីរី​ដោយ​សម្ងាត

លោកបារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាលើក្រឹត្យសម្ងាត់មួយ អនុញ្ញាតឲ្យ CIA និងក្រសួងពាក់ព័ន្ធ ផ្សេងទៀត ជួយក្រុមឧទ្ទាមស៊ីរីដោយសម្ងាត់ ដើម្បីទម្លាក់លោកបាស្ហា អាល់អាសាដ ពីតំណែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ (Reuters) ដែលបានដកស្រងប្រភពពីសេតវិមាន។ ក្នុងពេលជាមួយគ្នានេះ មន្រ្តីអ.ស.ប.បានលើកឡើងថា នៅពេលនេះ គេឃើញក្រុមឧទ្ទាមស៊ីរីមាន គ្រឿងសព្វាវុធធុនធ្ងន់ ក្នុងនោះ រួមមានទាំងរថក្រោះផងដែរ។

កន្លងមកសហរដ្ឋអាមេរិកក៏ធ្លាប់បានប្រកាសជាសាធារណៈដែរ អំពីការផ្តល់ជំនួយទៅឲ្យក្រុមឧទ្ទាម ស៊ីរី ប៉ុន្តែជំនួយទាំងនោះគឺមានត្រឹមតែជាបរិក្ខាយោធាដូចជា វិទ្យុទាក់ទងទំនើបៗប៉ុណ្ណោះ។ ជំនួយ ជាសម្ងាត់ ដែលមន្រ្តីសេតវិមានបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រគឺ លើសពីអ្វីដែលរដ្ឋាភិបាល បានប្រកាសជាសាធារណៈ ហើយអាមេរិកបានបង្កើនជំនួយដល់ក្រុមឧទ្ទាមស៊ីរីកាន់តែច្រើននៅ ក្រោយពេលដែលរុស្ស៊ី និងចិន ប្រើសិទ្ធិវ៉េតូជាលើកទី៣ រារាំងមិនឲ្យក្រុមប្រឹក្សាសន្តិសុខដាក់ទណ្ឌ កម្ម លើរដ្ឋាភិបាលស៊ីរី។ ក៏ប៉ុន្តែ គេមិនអាចដឹងឲ្យប្រាកដទេថា តើជំនួយទាំងនេះធ្វើឡើងក្នុងរូបភាព អ្វីខ្លះ?

មន្រ្តីរដ្ឋាភិបាលអាមេរិកដែលសុំមិនបញ្ចេញឈ្មោះនេះក៏បានទទួលស្គាល់ផងដែរថា គេពិតជាបង្កើត ទីបញ្ជាការដ្ឋានសម្ងាត់មួយមែន នៅក្នុងប្រទេសតួកគី ជាប់ព្រំដែនស៊ីរី ហើយក្រៅពីតួក គឺមាន អាមេរិក អារ៉ាប៊ីសាអ៊ូឌីត និងកាតា ដែលធ្វើការជាមួយគ្នា ក្នុងទីបញ្ជាការដ្ឋានសម្ងាត់នេះ ដើម្បីជួយ ក្រុមឧទ្ទាមស៊ីរី។ មន្រ្តីអ្នកនាំពាក្យរបស់សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយណាមួយជុំវិញ ព័ត៌មាន ស្តីពីជំនួយជាសម្ងាត់នេះទេ ប៉ុន្តែ ក៏មិនឆ្លើយបដិសេធព័ត៌មាននេះដែរ។ អ្នកសង្កេតការណ៍ ជាទូទៅគិតថា ជំនួយដល់ក្រុមឧទ្ទាម គឺធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងប្រទេសអារ៉ាប់ជាសម្ព័ន្ធមិត្ត ដោយមានតួកគី ដែលមានព្រំដែនជាប់នឹងស៊ីរី ជាអ្នកផ្តល់ទីតាំង និងទទួលបន្ទុកខាងភស្តុភា អារ៉ាប៊ីសាអ៊ូឌីត កាតា និងប្រទេសអារ៉ាប់ផ្សេងទៀតនៅតំបន់ឈូង សមុទ្រពែរ្ស៍ជាអ្នកផ្តល់លុយកាក់ និងគ្រឿងសព្វាវុធ ចំណែកសហរដ្ឋអាមេរិក គឺជាអ្នកជួយខាងបរិក្ខា យោធាដែលប្រើបច្ចេកវិទ្យាទំនើបៗ និងជួយខាងផ្នែកចារកិច្ច។ គេសង្កេតឃើញថា នៅពេលនេះ ប្រតិបត្តិការរបស់ក្រុមឧទ្ទាមស៊ីរីធ្វើឡើងដោយមានការចាត់ចែងគ្រប់គ្រងត្រឹមត្រូវ ដោយមិនរប៉ាត់ រប៉ាយ ដូចពីពេលមុន។ កាលពីថ្ងៃពុធ ម្សិលមិញ មន្រ្តីអង្គការសហប្រជាជាតិប្រចាំនៅស៊ីរីបាន អះអាងថា នៅពេលនេះ គេឃើញទាហានឧទ្ទាមមានអាវុធធុនធ្ងន់មួយចំនួន ក្នុងនោះ ក៏រួមមាន ទាំងរថក្រោះ និងរថពាសដែកផងដែរ ដែលពួកគេវាយដណ្តើមបានពីទាហានរដ្ឋាភិបាលខ្លះផង ហើយខ្លះទៀតបានមកដោយសារតែមានកងរថពាសដែកបានផ្តាច់ខ្លួនទាំងក្រុមពីរដ្ឋាភិបាលមកចូលជាមួយក្រុមឧទ្ទាម ដោយនាំយកអាវុធធុនធ្ងន់ទាំងនេះមកជាមួយផង។ នៅថ្ងៃព្រហស្បតិ៍នេះ អ្នកយកការណ៍ឲ្យទីភ្នាក់ ងារព័ត៌មានបារាំង AFP បានរាយការណ៍ថា កងកម្លាំងឧទ្ទាមស៊ីរីកំពុងប្រើអាវុធ ធុនធ្ងន់បាញ់ ផ្លោង ទៅលើព្រលានយន្តហោះមួយ ដែលទាហានរដ្ឋាភិបាលស៊ីរីយកធ្វើជាទីតាំង ដើម្បីវាយប្រហារតាម អាកាសទៅលើទីក្រុង Alep។ នៅថ្ងៃសុក្រស្អែក មហាសន្និបាតអ.ស.ប. គ្រោងនឹងបោះឆ្នោត អនុម័ត សេចក្តីសម្រេចមួយ ដែលស្នើឡើងដោយអារ៉ាប៊ីសាអ៊ូឌីត ដើម្បីទាមទារឲ្យលោកអាសាដចុះ ចេញពីតំណែង ដើម្បីបញ្ចប់វិបត្តិស៊ីរី។ គេរំពឹងថា សេចក្តីសម្រេចនេះអាចនឹងត្រូវអនុម័តចេញរួច ពីព្រោះថា ការអនុម័តសេចក្តីសម្រេចរបស់មហាសន្និបាត គឺធ្វើឡើងដោយការបោះឆ្នោតដោយ សំឡេង ភាគច្រើន ពីសំណាក់ប្រទេសជាសមាជិកអ.ស.ប.ទាំង ១៩៣ ហើយមិនមានប្រទេសណា មួយ អាចប្រើសិទ្ធិវ៉េតូដូចជានៅក្រុមប្រឹក្សាសន្តិសុខបាននោះទេ។ ក៏ប៉ុន្តែ សេចក្តីសម្រេចនេះ ក៏មិនមានអានុភាពផ្លូវច្បាប់ ដូចជាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនោះដែរ៕ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close