ពិចារណាចំពោះការសង់រូបសំណាកលោក ជា វិជ្ជា នៅកណ្ដាលរាជធានី
អត្ថបទស្មេរ
នៅដើមខែនេះ មានសេចក្ដីរាយការណ៍ថា សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យសាងសង់រូបសំណាករបស់លោក ជា វីជ្ជា អតីតប្រធានសហជីពកម្មករ នៅលើសួនវិមានឯករាជ្យ ដែលរូបសំណាកនេះនឹងត្រូវចំណាយលុយអស់ប្រមាណ ៨.០០០ ដុល្លារអាមេរិក។
ដំណឹងនេះពិតជាធ្វើឲ្យអ្នកគាំទ្រសពលោក ជា វិជ្ជា ដែលត្រូវបានគេបាញ់សម្លាប់នោះមានការសប្បាយចិត្ត ក៏ប៉ុន្តែមិនមែនមានប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកទីក្រុងភ្នំពេញរីករាយ និងត្រេកត្រអាលនោះឡើយ។
សម្រាប់ខ្ញុំ ក្នុងនាមជាប្រជាពលរដ្ឋមួយរូបរស់នៅក្នុងរាជធានីភ្នំពេញ ខ្ញុំសូមចូលរួមសំដែងមតិលើបញ្ហានេះ។ ខ្ញុំពិតជាមានការសោកស្ដាយចំពោះការស្លាប់របស់លោក ជា វិជ្ជា និងចូលរួមមរណទុក្ខដល់ភរិយា និងកូនរបស់គាត់ ដែលរហូតមកដល់បច្ចុប្បន្ននេះ គេនៅតែមិនទាន់រកយុត្តិធម៌ពិតប្រាកដជូនគាត់បាននៅឡើយ។
ខ្ញុំសូមកោតសរសើរថា លោក ជា វិជ្ជា ជាបុគ្គលមួយរូបដែលក្លាហាន និងហ៊ានប្រថុយនឹងគ្រោះថ្នាក់ដើម្បីចេញមុខការពារផលប្រយោជន៍ កម្មករខ្មែររាប់សែននាក់។ ខ្ញុំសង្ឃឹមថា យុត្តិធម៌សម្រាប់លោកពិតជាមាន ហើយឧក្រិដ្ឋជនពិតប្រាកដនឹងទទួលផលអាក្រក់។
ទោះបីជាយ៉ាងនេះក្តី ក៏ខ្ញុំមិនឯកភាពជាមួយនឹងការសម្រេចចិត្ត អនុញ្ញាតឲ្យសាងសង់រូបសំណាករបស់លោក ជា វិជ្ជា នៅក្នុងសួនច្បារ ឬតាមទីសាធារណៈកណ្ដាលរាជធានីនោះទេ ព្រោះថា លោក ជា វិជ្ជា មិនទាន់ត្រូវបានប្រជាជនខ្មែរភាគច្រើនក្នុងចំណោម ១៤ លាននាក់ ទទួលស្គាល់ថា វីរបុរសរបស់ប្រទេសជាតិ ដូចជាក្រឡាហោមគង្គនោះទេ។ ប្រសិនបើគេទទួលស្គាល់ថា លោក ជា វិជ្ជា គួរតែត្រូវបានឆ្លាក់ជារូបសំណាកដាក់នៅសួនច្បារក្បែរវិមានឯករាជ្យដែលជាទីសក្ការៈនៃវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិរបស់ប្រទេសនោះ នោះរូបសំណាកមនុស្សជាច្រើនទៀត ដែលបានពលីដើម្បីប្រទេសជាតិមាតុភូមិ ក៏ត្រូវតែបានដាក់តាំងនៅតាមសួនច្បារនេះដែរ។
ជាការពិតណាស់ មានវរជនជាច្រើនដែលបានស្លាប់ដោយជាតិនិងមាតុភូមិ ពិសេសកងទ័ពជាតិដែលបានពលីជីវិតនៅក្នុងការប្រយុទ្ធជាមួយទាហានថៃឈ្លានពាននៅក្នុងតំបន់ប្រាសាទព្រះវិហារខ្មែរនាចាប់តាំងពីឆ្នាំ ២០០៨ មក។ នេះនៅមិនទាន់គិតពីវរជនខ្មែរជាច្រើនទៀត ដែលបានងើបឡើងតស៊ូប្រឆាំងអាណានិគមនិយមបារាំង ដណ្ដើមឯករាជ្យជូនដល់ប្រទេសជាតិ និងមួយចំនួនទៀតងើបឡើងប្រឆាំងនឹង របបគ្រប់គ្រងខ្មែរក្រហម ដើម្បីរំដោះប្រជាជនខ្មែរជាង ៧ លាននាក់ដែលកំពុងរស់នៅក្រោមរបបកាប់សម្លាប់ដ៏ឃោរឃៅនោះ។ ពួកគេមួយចំនួនត្រូវបានខ្មែរក្រហមសម្លាប់ដោយអយុត្តិធម៌ ឬស្លាប់ដោយសង្គ្រាមតស៊ូ ។
ម្យ៉ាងទៀតនៅពេលបច្ចុប្បន្ននេះ ក៏នៅមានវរជនមួយចំនួនដែល ចូលរួមក្នុងការតស៊ូរំដោះប្រជាជនខ្មែរពីរបបខ្មែរក្រហម ហើយបន្តការពារ និងកសាងប្រទេសរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែពួកគាត់ពុំទាន់ត្រូវបានឆ្លាក់ជារូបសំណាកដាក់តាំងនៅតាមសួនច្បារនៅឡើយ។
ប្រសិនបើជាការវិនិច្ឆ័យទៅលើរូបលោក ជា វិជ្ជា អាចនាំទៅដល់ការសម្រេចចិត្តរបស់ រាជរដ្ឋាភិបាល អំពីការធ្វើរូបសំណាកនៅតាមសួនច្បារសាធារណៈនោះ មនុស្សមួយចំនួនដែលមានវីរភាពប្រហាក់ប្រហែល ឬលើសពីលោក ជា វិជ្ជា ក៏គួរតែត្រូវបានឆ្លាក់ហើយដាក់តាំងនៅតាមសួនច្បារដែរ ហើយសួនច្បារក្នុងរាជធានីភ្នំពេញដ៏ស្រស់ប្រិមប្រិយនៃព្រះរាជាណាចក្រអច្ឆរិយៈនឹងពោរពេញទៅដោយរូបសំណាករបស់វីរបុរស។
មួយវិញទៀត សួនច្បារវិមានឯករាជ្យជាបណ្ដុំទេសចរជាតិ និងអន្តរជាតិ។ មនុស្សដែលមកកម្សាន្តនៅសួនច្បារប្រហែលជាចង់ឃើញការកម្សាន្តសប្បាយជាងការឃើញសេចក្ដីទុក្ខសោក។ ដូចនេះ ការដាក់រូបសំណាកលោក ជា វិជ្ជា ហាក់បីដូចជាការរំលឹកនូវភាពសោកសង្រេងនៅកន្លែងសប្បាយទៅវិញ ហើយខ្ញុំជឿថា ទេសចរបរទេសនឹងសួរទៅអ្នកនាំភ្ញៀវពីរូបសំណាកនេះ ហើយពួកគេនឹងឆ្ងល់ថាហេតុអ្វីបានជាគេតាំងរូបគាត់។
ចំណុចមួយទៀត ប្រសិនបើគេចង់ដាក់តាំងរូបសំណាកលោក ជា វិជ្ជា ដើម្បីបំពេញចិត្ត កម្មករ ឬក្រុមណាមួយ ឬបុគ្គលណាមួយដោយសារតែមានសំពាធនយោបាយ ឬដោយសារហេតុផលណាមួយនោះ គេគួរតែដាក់ តាំងរូបសំណាកនៅកន្លែងផ្សេងដែលមិនមែនជាសួនច្បារដ៏ល្បីល្បាញនៅកណ្តាលរាជធានីបែបនេះទេ។ ឧទាហរណ៍ គេអាចដាក់តាំងរូបសំណាកនេះ នៅមុខការិយាល័យ សហជីពសេរីកម្មករ ឬនៅទីសាធារណៈ ដែលបណ្តុំទៅដោយកម្មករ និងរោងចក្រ ដើម្បីជាការរំលឹកគុណរបស់គាត់ដែលបានបូជាជីវិត ដើម្បីការពារសិទ្ធិសេរីភាព និង ផលប្រយោជន៍របស់កម្មករ ។
ជាការពិត ខ្ញុំបានធ្វើដំណើរទៅបរទេសជាច្រើនដែរ ហើយខ្ញុំសង្កេតឃើញថា នៅប្រទេសគេ រូបសំណាកដែលដាក់តាំងតាមទីសាធារណៈ គឺភាគច្រើនជាវីរជនប្រវត្តិសាស្ត្រដែល បានពលីជីវិតដើម្បីបុព្វហេតុការពារ និងរំដោះប្រទេសជាតិ និងខ្លះទៀតជាអ្នកដែលមាន ស្នាដៃខ្ពស់ក្នុងការបង្កើតអ្វីមួយដល់មនុស្សជំនាន់ក្រោយ ដូចជាលោកយាយពេញនៃភ្នំដូនពេញ និងសម្តេចសង្ឃរាជ្យ ជួន ណាត ជាដើម។
សរុបសេចក្ដីមកវិញ ចំពោះខ្ញុំផ្ទាល់ ដោយរួមទាំងមនុស្សជាច្រើនទៀតកោតសរសើរចំពោះ ការផ្ដួចផ្ដើមគំនិតឲ្យមានការសាងសង់រូបសំណាករបស់លោក ជា វិជ្ជា ប៉ុន្តែពួកយើងមិនពេញចិត្តចំពោះការដាក់តាំងរូបសំណាកនៅសួនសាធារណៈក្បែរវិមានឯករាជ្យបែបនេះទេ។ បើបែបនេះ តើគួរសាងសង់រូបសំណាករួមមួយរបស់វរជនដ៏ក្លាហាននៃកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីប្រាសាទព្រះវិហាររបស់ខ្មែរមួយនគរនោះដែរឬទេ?
ដោយ ស៊ូ សោភ័ណ្ណារ៉ា ការីនិពន្ធ សារព័ត៌មាន Cambodia Newsនិង ជា និស្សិត អនុបណ្ឌិត សារពត៌មាននៃសកលវិទ្យាល័យ អាតេណេអូ ដឺម៉ានីឡា ប្រទេសហ្វីលីពីន