កូរ៉េខាង​ជើង​​បណ្តេញ​​រដ្ឋមន្ត្រី​ក្រសួង​​សន្តិ​សុខ​​រដ្ឋ​​ចេញពី​​តំណែង​​

សារព័ត៌មាន​ Cambodia News/

កូរ៉េខាងជើង (០៦ កុម្ភៈ ២០១៧) ​៖ ​ប្រទេស​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា កូរ៉េខាងជើង​បាន​បណ្តេញ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​រដ្ឋ​របស់ខ្លួន​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជំនួយការ​ដ៏​សំខាន់​របស់​មេដឹកនាំ​វ័យក្មេង​គីម​ជុង​អ៊ុន​ក្រោយ​ការ​ជម្រុះ​ចោល​មន្ត្រីជាន់ខ្ពស់​ជា​បន្តបន្ទាប់​។​

លោក​គីម​វ៉ុ​ន​ហុង​ត្រូវបាន​ដក​ចេញពី​តំណែង​ជា​ប្រធាន​នៃ​ទីភ្នាក់ងារ​ចារកម្ម​កំពូល​នៅ​ពាក់កណ្តាល​ខែមករា​ពីបទ​អំពើពុករលួយ ការរំលោភបំពាន​អំណាច​និង​រំលោភ​សិទ្ធិមនុស្ស​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ជុង​ជូន​ហ៊ី​ដែលជា​អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាងត្បូង ។​

លោក គីម វ៉ុ​ន​ហុង អាច​នឹងត្រូវ​ប្រឈមមុខ​នឹង​ការផ្តន្ទាទោស​កាន់តែខ្លាំង​ខណៈ​ការស៊ើបអង្កេត​ចូលទៅក្នុង​សកម្មភាព​របស់គាត់​កំពុងតែបន្ត​។​
​ក្រុមមន្ត្រី​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា លោក​គីម​ជុង​អ៊ុន​បាន​ក្លាយជា​មេដឹកនាំ​នៅក្នុង​ឆ្នាំ​២០១១​បន្ទាប់ពី​ការស្លាប់​ឪពុក​របស់លោក​គឺ​លោក​គីម​ជុងអ៊ីល​ហើយ

ការពង្រឹង​អំណាច​របស់លោក​គឺ​រួមបញ្ចូល​ទាំង​ការធ្វើ​វិសុទ្ធកម្ម​និង​ការប្រហារជីវិត​ក្រុមមន្ត្រី​កំពូលៗ​ផងដែរ​។​
​ប្រទេស​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំមុន អនុរដ្ឋមន្ត្រី​ក្រសួង​អប់រំ​របស់​កូរ៉េខាងជើង​ត្រូវបាន​ប្រហារជីវិត​ដោយសារតែ​ឈរ​មិន​ត្រង់​នៅក្នុង​ព្រឹត្តិការណ៍​ជា​សាធារណៈ​មួយ​។

​ទោះបីជា​យ៉ាងណាក៏ដោយ វា​ពិតជា​មានការ​លំបាក​ណា​ស់​ក្នុងការ​ផ្ទៀងផ្ទាត់​ព័ត៌មាន​អំពី​មន្ត្រី​ថ្នាក់​កំពូល​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ដែល​បាន​ខឹងសម្បា​មហាអំណាច​លោកខាងលិច​ដោយសារ​កា​រ​ធ្វើតេស្ត​មី​ស៊ី​ល​ជា​បន្តបន្ទាប់​របស់ខ្លួន​និង​អាវុធ​នុយក្លេអ៊ែរ​ផ្គើន​ចំពោះ​សេចក្តីសម្រេច​និង​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។ របាយការណ៍​នៃ​ការសម្លាប់​និង​ការធ្វើ​វិសុទ្ធកម្ម​ពីមុន​មួយចំនួន​គឺ​បាន​បង្ហាញថា​មិន​ត្រឹមត្រូវ​ឡើយ​។​

លោក​ជុង​មិនបាន​និយាយថា​តើ​កូរ៉េខាងត្បូង​បានដឹង​ពី​ការបណ្តេញ​លោក​គីម​វ៉ុ​ន​ហុង​ដោយ​របៀប​ណា​នោះទេ​។ ប៉ុន្តែ​លោក​និយាយថា អាច​នឹងមាន​ការដក​តំណែង​បន្ថែមទៀត​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ដែលជា​កន្លែង​នាយកដ្ឋាន​រៀបចំ​និង​ណែនាំ​ដ៏​មាន​ឥទ្ធិពល​កំពុង​ស៊ើបអង្កេត​ក្រសួង​សន្តិសុខ​រដ្ឋ​៕

8

Related Articles

Back to top button
Close
Close