រាជ​ធានី​​ភ្នំពេញ ​នឹង​​មាន​​ច្រាំង​​ទន្លេ ​សួន​ច្បារ​ និង​​ផ្លូវ​​ថ្មើរ​ជើង​​យ៉ាង​​ល្អ​​ប្រណីត​នៅ​​ឆ្នាំ​​២០១៧​នេះ​​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០២ កុម្ភៈ ២០១៧) ៖ ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​តំណាង​កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ ដើម្បី​ពិភាក្សា​ទៅ​លើ​គម្រោង​ស្ថាបនា​សួនច្បារ ផ្លូវ​ថ្មើរជើង តាម​មាត់ទន្លេ​ដំណាក់កាល​ទី​៣ ចាប់ពី​ផ្សារ​រាត្រី​ដល់​ស្ពាន​ជ្រោយចង្វា ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​រសៀល​ថ្ងៃ​ទី​០១ កុម្ភៈ​កន្លង​ទៅ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា អាជ្ញាធរ​ភ្នំពេញ​កំពុង​ព​ន្លឿ​ន​ការងារ​ស្ថាបនា​ច្រាំង​ទន្លេ និង​ផ្លូវ​ថ្មើរជើង​នេះ​ឲ្យ​បាន​លឿន និង​ជុំរុញ​ឲ្យ​រួចរាល់​មុន​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ចុងឆ្នាំ​នេះ។

លោក​ អភិបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៧​នេះ រាជធានី​ភ្នំពេញ នឹង​មាន​ច្រាំង​ទន្លេ សួនច្បារ និង​ផ្លូវ​ថ្មើរជើង​យ៉ាង​ល្អ​ប្រណីត ស្រប​តាម​មាត់ទន្លេ​ចាប់ពី​ស្ពាន​ព្រះ​មុនី​វង្ស​រហូត​ដល់​គល់​ស្ពាន​ជ្រោយចង្វា ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​កំសាន្ត និង​ទស្សនា​ព្រះរាជ​ពិធី​បាន​យ៉ាង​ស្រួល បន្ទាប់​ពី​អាជ្ញាធរ​ស្ថាបនា​ច្រាំង​ទន្លេ សួនច្បារ និង​ផ្លូវ​ថ្មើរជើង ដំណាក់កាល​ទី​៣​រួច ។

គូរ​បញ្ជាក់​ថា ការ​ស្ថាបនា​ច្រាំង​ទន្លេ សួនច្បារ និង​ផ្លូវ​ថ្មើរជើង​ចាប់ពី​ផ្សារ​រាត្រី​ដល់​ស្ពាន​ជ្រោយចង្វារ​នេះ ជា​គម្រោង​ដំណាក់កាល​ទី​៣ មាន​ប្រវែង​ប្រមាណ​១៦៤០​ម៉ែត្រ បន្ទាប់​ពី​ដំណាក់កាល​ទី​១ ចាប់ពី​បញ្ជរ​ទេសចរ​ជាប់​សាលសន្និសីទ​ចតុមុខ​ដល់​កំពង់ដរ​អ​រី​យក្ស​ត្រ បាន​ស្ថាបនា​រួច និង​ដំណាក់កាល​ទី​២ ចាប់ពី​កំពង់ដរ​អ​រី​យក្ស​ត្រ​រហូត​ដល់​គល់​ស្ពាន​ព្រះ​មុនី​វង្ស កំពុង​ស្ថាបនា ហើយ​ទិស​ដៅ​បន្ត រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​ស្ថាបនា​រហូត​ដល់​គល់​ស្ពាន​ព្រែក​ព្នៅ​តែ​ម្តង ៕

៣

Related Articles

Back to top button
Close
Close