សម្តេចតេជោ ៖ បក្សនយោបាយណាធ្វើផ្ទុយពីច្បាប់ ត្រូវរំលាយចោល
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០២ កុម្ភៈ ២០១៧) ៖ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់ជ័យលាភីនិស្សិតជាង៥ពាន់នាក់នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌកម្សាន្ត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០២ កុម្ភៈនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើបក្សនយោបាយណាធ្វើផ្ទុយពីច្បាប់ ត្រូវរំលាយចោលតែម្តង ហើយហាមឃាត់សិទ្ធិធ្វើនយោបាយថែមទៀត។
គួរបញ្ញាក់ថា កាលពីព្រឹកថ្ងៃទី៣១ មករា ២០១៧ នៅក្នុងសម័យប្រជុំវិសាមញ្ញនៃរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ក្រុមតំណាងរាស្រ្តខាងគណបក្សប្រជាជនកម្ពុជា រៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយសម្តេចចង់ឲ្យដាក់ក្នុងច្បាប់ ប្រធាន ឬអនុប្រធានបក្សនយោបាយ ដែលជាទណ្ឌិត មិនអាចឈរឈ្មោះជាប្រធាន ឬអនុប្រធានគណបក្សតទៅទៀតឡើយ ៕