តុលាការកោះហៅមេធាវីទៅសាកសួរថ្ងៃទី២៦ មករា ចំពោះបណ្ដឹងសម្ដេចតេជោ លើលោកសម រង្ស៊ី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ មករា ២០១៧) ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ជើញលោក គី តិចមេធាវីការពារក្តីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យចូលទៅផ្តល់ចម្លើយនៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ស្តីពីដំណើរឿងប្តឹង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈទៅលើសម្តេចតេជោ ហ៊ុន សែន។ នេះបើយោងតាមលិខិតអញ្ជើញរបស់លោកព្រះរាជអាជ្ញារង សៀង សុខ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
យោងតាមលិខិតអញ្ជើញរបស់លោក សៀង សុខ បានឲ្យដឹងថា “សាមីខ្លួន ត្រូវអញ្ជើញមក ឲ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទង និងរឿងខាងលើមកជាមួយផងប្រសិនបើមាន”។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក សម រង្ស៊ីទាមទារសំណងជំងឺចិត្ត១លានដុល្លារសហអាមេរិក លើបទល្មើសបរិហាកេរ្តិ៍ជាសាធារណៈ ត្រូវបានលោក គី តិច មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន បានដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ នៅរសៀលថ្ងៃដដែលនោះ លោក គី តិច បានឲ្យដឹងថាថវិកាដែលប្តឹងទាមទារសំណងជំងឺចិត្តពីលោក សម រង្ស៊ី ១លានដុល្លារ សម្តេចនឹងយកទៅសាងសង់ផ្ទះជូនជនពិការ៕